Menu

    ទំព័រ​ដើម ជាតិ ការអភិវឌ្ឍ អន្តរជាតិ មតិយោបល់ រឿង​ភាគ វប្បធម៌ កីឡា តារា ចុះ​ផ្សាយ​វីដេអូ អំពីយើង​ខ្ញុំ ទំនាក់ទំនង

បទ​វិភាគ៖ តើ​អ្វី​ជំរុញ​ឲ្យ​កម្ពុជា​ផ្អាក​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​ជាមួយ​អាមេរិក?

សកម្មភាព​កងទ័ព​ជើង​ទឹក​កម្ពុជា និង​អាមេរិក ចូល​រួម​ក្នុង​ពិធី​បើក​លំហាត់​សមយុទ្ធ​ខារ៉ាត់​កម្ពុជា ឆ្នាំ​២០១៥ នា​មូលដ្ឋាន​កងទ័ព​ជើងទឹក​សមុទ្រ​រាម ខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។



គេ​នៅ​ចាំ​បាន​ថា នៅ​មិន​ដល់​មួយ​សប្ដាហ៍​ផង មុន​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ប្រទេស​កម្ពុជា បាន​សម្រេច​ចិត្ត​ជា​ឯកតោ​ភាគី​យ៉ាង​តក់ក្រហល់ អំពី​ការ​ផ្អាក​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ប្រចាំ​ឆ្នាំ​ជាមួយ​អាមេរិក ដែល​មាន​ឈ្មោះ​ថា “ឆ្មាំ​អង្គរ”។

តាម​ប្រសាសន៍​របស់​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ឈុំ សុជាត ដែល​ថ្លែង​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ក្នុង​ស្រុក និង​បរទេស​ថា ការ​ផ្អាក​នេះ​មាន​រយៈពេល​ពីរ​ឆ្នាំ គឺ​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០១៨។ លោក​បាន​លើក​យក​ហេតុផល​ចំនួន​ពីរ​ធំៗ​ដែល​នាំ​ឲ្យ​កម្ពុជា សម្រេច​ចិត្ត​ដូច្នេះ។ ទី​មួយ៖ កម្ពុជា​កំពុង​ជាប់​រវល់​ធ្វើ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​គ្រឿង​ញៀន​ដែល​តម្រូវ​ឲ្យ​មាន​ការ​ចូលរួម​ពី​សំណាក់​កងកម្លាំង​យោធា និង​នគរបាល​ដើម្បី​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿង​ញៀន​នានា នៅ​ទូទាំង​ផ្ទៃ​ប្រទេស។ ទី​ពីរ៖ ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ដំណើរ​ការ​ការ​បោះឆ្នោត​ឃុំ-សង្កាត់ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ។ ក៏​ប៉ុន្តែ ហេតុផល​ដ៏​សាមញ្ញ​ទាំង​ពីរ​ខាង​លើ​នេះ ហាក់បីដូចជា​ពិបាក​នឹង​ពន្យល់​ឲ្យ​គេ​ងាយ​នឹង​ជឿ និង​យល់​ស្រប​តាម​ណាស់។

តើ​អាច​មាន​ហេតុផល​អ្វី​ផ្សេង​ពី​នេះ​នៅ​ពី​ក្រោយ​ការ​ដែល​កម្ពុជា សម្រេច​ចិត្ត​យ៉ាង​ដូច្នេះ​ដែរ ឬ​ទេ?

គិត​ត្រឹម​ឆ្នាំ​២០១៦​ ប្រទេស​កម្ពុជា តែងតែ​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ប្រចាំ​ឆ្នាំ​ជាមួយ​អាមេរិក សរុប​ចំនួន ៧​លើក​រួច​មក​ហើយ ដោយ​ពុំ​ដែល​មាន​ការ​អាក់ខាន​ណា​មួយ​គួរ​ឲ្យ​កត់សម្គាល់​ឡើយ បើ​ទោះ​បី​ជា​កម្ពុជា ធ្លាប់​ជាប់​រវល់​រៀបចំ​ដំណើរ​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ កាល​ពី​ឆ្នាំ​២០១២ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ឆ្នាំ​២០១៣ ក៏ដោយ។ សមយុទ្ធ​យោធា​នេះ​ធ្វើ​ឡើង​ក្រោម​គំនិត​ផ្ដួចផ្ដើម​នៃ​បេសកកម្ម​សន្តិភាព​ជា​សាកល (Global Peace Operations Initiatives-GPOI) ឆ្នាំ​២០១០ របស់​រដ្ឋាភិបាល​អាមេរិក ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​រួម​គ្នា​រវាង​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​ការបរទេស​អាមេរិក ដើម្បី​ជួយ​បណ្ដុះបណ្ដាល​កង​រក្សា​សន្តិភាព ដោយ​ផ្ដោត​លើ​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌ និង​ការ​ឆ្លើយ​តប​ចំពោះ​គ្រោះ​មហន្តរាយ។

កម្ពុជា និង​អាមេរិក បាន​ចាប់​ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​មួយ​ដែល​មាន​ឈ្មោះ​ថា “ឆ្មាំ​អង្គរ” ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១០ ដែល​កាល​ពី​ដើម​ឡើយ​មាន​លក្ខណៈ​ជា​សមយុទ្ធ​យោធា​ពហុ​ជាតិ​សាសន៍​ដ៏​ធំ​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​មាន​ការ​ចូល​រួម​ពី​កងទ័ព​ជាង ១.០០០​នាក់ មក​ពី​បណ្ដា​ប្រទេស​ចំនួន ២៣ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ តែ​ក្រោយ​មក សមយុទ្ធ​យោធា​នេះ​បាន​ប្រែ​ក្លាយ​ជា​សមយុទ្ធ​យោធា​ទ្វេ​ភាគី​រវាង​កម្ពុជា និង​អាមេរិក​វិញ។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​សមយុទ្ធ​កាល​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ថា សមយុទ្ធ​យោធា​នេះ​បាន “បើក​នូវ​ទំព័រ​ថ្មី​មួយ​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ប្រទេស​កម្ពុជា ទៅ​ក្នុង​តំបន់ និង​ពិភពលោក ហើយ​ក៏​នឹង​ពង្រឹង និង​ពង្រីក​សមត្ថភាព​កម្ពុជា ក្នុង​ការ​គាំទ្រ​បេសកកម្ម​សន្តិភាព​កែលំអ​កិច្ច​សហប្រតិបត្តិការ​ពហុភាគី ក៏​ដូចជា​ពង្រឹង​ទំនាក់​ទំនង​អន្តរជាតិ និង​ភាព​ជា​ដៃគូ​ប្រចាំ​តំបន់​ដើម្បី​បុព្វហេតុ​សន្តិភាព និង​មនុស្ស​ជាតិ​ផង​ដែរ”។

​មាន​ហេតុផល​ចម្បង​ចំនួន​បី​យ៉ាង​ដែល​គេ​មើល​ឃើញ​ជុំវិញ​ការ​សម្រេចចិត្ត​ផ្អាក​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​រួម​គ្នា​ជាមួយ​អាមេរិក ឈ្មោះ “​ឆ្មាំ​អង្គរ​” ជា​លក្ខណៈ​ឯកតោភាគី​របស់​កម្ពុជា​នេះ។ ហេតុផល​ទាំង​បី​នោះ គឺ​១ កម្ពុជា​ចង់​ស្ទាបស្ទង់​នយោបាយ​ការបរទេស​របស់​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក ទី​២ ការ​កើន​ឡើង​នៃ​ឥទ្ធិពល​របស់​ប្រទេស​ចិន និង​ទី​៣ ចរន្ត​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​ដែល​កំពុង​តែ​មាន​ទំនោរ​ងាក​ទៅ​រក​ប្រទេស​ចិន។

ហេតុផល​ទី​មួយ គឺ​ដោយសារ​តែ​ការ​សម្រេច​ចិត្ត​នេះ​ធ្វើ​ឡើង​យ៉ាង​តក់ក្រហល់​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ដែល​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក លោក ដូណាល់ ត្រាំ ធ្វើ​ពិធី​ស្បថ​ចូល​កាន់​តំណែង បើ​ទោះ​បី​ជា​មាន​ការ​គ្រោង​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ប្រចាំ​២០១៧ នេះ​រួច​ហើយ​ក៏ដោយ​ក្ដី មាន​ការ​សង្ស័យ​ថា នេះ​អាច​ជា​សារ​មួយ​ដែល​រដ្ឋាភិបាល​ភ្នំពេញ ចង់​ប្រាប់​ដល់​រដ្ឋបាល​ថ្មី​របស់​លោក ដូណាល់ ត្រាំ ថា អាមេរិក​លែង​ជា​មហា​អំណាច​សំខាន់ និង​មាន​ឥទ្ធិពល​ខ្លាំង​ប្រចាំ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ក៏​ដូចជា​នៅ​កម្ពុជា ទៀត​ហើយ។ ម្យ៉ាង​វិញ​ទៀត ការ​សម្រេច​ចិត្ត​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ប្រចាំ​ឆ្នាំ​នេះ ដែល​ចង់ ឬ​មិន​ចង់​បាន ធ្វើ​ឲ្យ​អាមេរិក បាក់​មុខ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ​នេះ ក៏​អាច​ជា​ចេតនា​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​ការ​លើក​យក​បញ្ហា​នេះ​មក​ធ្វើ​ជា​ចំណាប់​ថ្នូរ​សម្រាប់​យក​ទៅ​ចរចា​ជាមួយ​រដ្ឋបាល​អាមេរិក ពាក់ព័ន្ធ​នឹង​សំណើសុំ​លុបចោល​បំណុល​ជាង ៤៥០​លាន​ដុល្លារ​អាមេរិក ដែល​កម្ពុជា​បាន​ជំពាក់​អាមេរិក ចាប់​តាំង​ពី​សម័យ​សាធារណរដ្ឋ​ខ្មែរ ក្រោម​ការដឹកនាំ​របស់​រដ្ឋបាល​លោក​សេនាប្រមុខ លន់ នល់ មក​ម្ល៉េះ។

ទាំង​នៅ​មុន និង​នៅ​ក្រោយ​ការ​ប្រកាស​អំពី​ការ​សម្រេច​ចិត្ត​ផ្អាក​នេះ គេ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ហាក់​បាន​បង្កើន​យុទ្ធនាការ​ទាមទារ​ឲ្យ​អាមេរិក លុប​ចោល​បំណុល​ទាំង​នេះ​ដែល​ខ្លួន​ចាត់​ទុក​ថា ជា “បំណុល​កខ្វក់” និង​ជា​ផ្នែក​មួយ​រួម​ចំណែក​នាំ​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា។

ក្នុង​គោល​បំណង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​អាមេរិក ធ្លាប់​បាន​ស្នើ​ឲ្យ​ភាគី​កម្ពុជា ធ្វើ​ការ​ទូទាត់​សងបំណុល​ខ្លះ​ជា​មុន​សិន តាម​រយៈ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​មួយ ដោយ​មាន​ការ​កំណត់​ពេល​វេលា​ជាក់លាក់​នៃ​ការ​ទូទាត់​សង​បំណុល​នេះ មុន​ពេល​ដែល​ខ្លួន​ឈាន​ទៅ​សម្រេច​ធ្វើ​ការ​ពិចារណា ថា​តើ​ត្រូវ​លើក​លែង ឬ​លុបចោល​បំណុល​ទាំង​នេះ។ ក៏ប៉ុន្តែ សំណើ​នេះ​ក្រោយ​មក​ត្រូវ​បាន​ភាគី​កម្ពុជា ច្រាន​ចោល។

បច្ចុប្បន្ន បញ្ហា​នៃ​ការ​ទាមទារ​ឲ្យ​អាមេរិក​លុបចោល “បំណុល​កខ្វក់” នេះ រួម​ជាមួយ​នឹង​ការ​ព្យាយាម​លាតត្រដាង​បង្ហាញ​នូវ​រូបភាព​អវិជ្ជមាន​នានា ដែល​ប្រទេស​អាមេរិក ធ្លាប់​បាន​ធ្វើ​មក​លើ​ប្រទេស​កម្ពុជា នៅ​ពេល​អតីតកាល ដែល​រួម​មាន​ដូចជា ការ​គាំទ្រ​របស់​អាមេរិក និង​បស្ចិម​លោក​នៅ​ពី​ក្រោយ​រដ្ឋបាល​លោក​សេនាប្រមុខ លន់ នល់ ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច នរោត្តម សីហនុ ចេញ​ពី​អំណាច​កាល​ពី​ដើម​ឆ្នាំ​១៩៧០ និង​បេសកកម្ម​សម្ងាត់​របស់​អាមេរិក ក្នុង​ការ​ទម្លាក់​គ្រាប់បែក​សរុប​ជិត ៣​លាន​តោន (២.៧៥៦.៩៤១) មក​លើ​ទឹក​ដី​កម្ពុជា ដើម្បី​បណ្ដេញ​ពួក​វៀតកុង និង​មិន​ឲ្យ​ពួក​នេះ​ប្រើប្រាស់​ទឹក​ដី​កម្ពុជា ធ្វើ​ជា​ជម្រក និង​ជា​ឈ្នាន់​សម្រាប់​ធ្វើ​សង្គ្រាម​របស់​អតីត​ប្រទេស​វៀតណាម ខាង​ជើង ។ល។ បាន​ប្រែ​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក​មួយ និង​ជា​សង្គ្រាម​ប៉ាកកា​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​យក​មក​ប្រើប្រាស់ ដើម្បី​ដុត​បញ្ឆេះ​កំហឹង​ឲ្យ​រីក​រាល​ដាល​ក្នុង​ស្រទាប់​មហាជន ជាពិសេស​យុវជន-​យុវនារី​ខ្មែរ ក្នុង​គោលបំណង​ដើម្បី​ឲ្យ​ពួកគេ​ស្អប់​ខ្ពើម​អាមេរិក និង​ឈប់​គាំទ្រ​នូវ​អ្វី​ដែល​មាន​ប្រភព​ចេញ​មក​ពី​ប្រទេស​អាមេរិក ឬ​ដែល​រដ្ឋាភិបាល​អាមេរិក ឧបត្ថម្ភ តួ​យ៉ាង​មាន​ដូចជា​វិទ្យុ​អាស៊ីសេរី នេះ​ជាដើម។

ព្រម​ជាមួយ​គ្នា​នេះ​ទៀតសោត រដ្ឋាភិបាល​កម្ពុជា ក៏​មិន​ភ្លេច​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន​ធ្វើ​យុទ្ធនា​ការ​ឃោសនា​ឲ្យ​មហាជន​ទន្ទេញ​ចិត្ត​ស្អប់​គណបក្ស​នយោបាយ​នានា ដែល​មាន​និន្នាការ​ប្រឆាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល លោក ហ៊ុន សែន ដោយ​យក​លេស​ថា អាមេរិក​ជា​អ្នក​នៅចាំ​ជួយ​ឧបត្ថម្ភ​ពី​ខាង​ក្រោយ។

ការ​ដែល​រដ្ឋាភិបាល​កម្ពុជា ព្យាយាម​ម្តង​ជា​ពីរ​ដង ស្នើ​ឲ្យ​អាមេរិក លុបចោល “បំណុល​កខ្វក់” ឲ្យ​ខាង​តែ​បាន​ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​នេះ គឺ​ដើម្បី​ឲ្យ​មហាជន និង​ជនានុជន​ជំនាន់​ក្រោយ​យល់​ថា មាន​តែ​ខ្លួន​ទេ​ដែល​ហ៊ាន​ពុះពារ​តតាំង​ជាមួយ​អាមេរិក ទាមទារ​គ្រប់​កាលៈទេសៈ​ដើម្បី​បុព្វហេតុ​ត្រឹមត្រូវ​របស់​ជាតិ និង​ប្រជាជន​ជា​រួម។

ទាំង​អស់​នេះ​អាច​ជា​សេណារីយ៉ូ​ថ្មី​មួយ​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​ទុក​យក​មក​ប្រើប្រាស់​ដើម្បី​បង្វែរ​ចំណាប់​អារម្មណ៍ និង​បិទ​បាំង​នូវ​ទង្វើ​នានា​របស់​ខ្លួន ដែល​រាប់​បញ្ចូល​ទាំង​បំណុល​ដែល​ខ្លួន​បាន​ខ្ចី​ពី​បរទេស​សរុប​មិន​តិច​ជាង ១០​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ដែល​ភាគ​ច្រើន​នៃ​ទឹក​ប្រាក់​បំណុល​ទាំង​នេះ ត្រូវ​គេ​រក​ឃើញ​ថា បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ហោប៉ៅ​របស់​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ តាម​រយៈ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដល់​ឆ្អឹង​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ។

ហេតុផល​ទី​ពីរ គឺ​អាច​ដោយសារ​តែ​ឥទ្ធិពល​យ៉ាង​ជាក់ច្បាស់​របស់​ប្រទេស​ចិន មក​លើ​ប្រទេស​កម្ពុជា ដែល​កំពុងតែ​កើន​ឡើង​ឥត​ស្រាកស្រាន្ត បើ​ទោះ​បី​ជា​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ធ្លាប់​បាន​បដិសេធ​រួច​ហើយ​ថា នេះ​មិន​មែន​ជា​ហេតុផល​ដែល​នាំ​ឲ្យ​កម្ពុជា សម្រេច​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​រួម​គ្នា​ជាមួយ​អាមេរិក ក៏ដោយ។

ជាក់ស្ដែង​កាល​ពី​ចុង​ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ ប្រទេស​កម្ពុជា និង​ប្រទេស​ចិន ទើប​តែ​បាន​បិទ​បញ្ចប់​សមយុទ្ធ​យោធា​រួម​គ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​ឈ្មោះ​ថា “នាគ​មាស” ដែល​មាន​រយៈពេល​ដល់​ទៅ ៩​ថ្ងៃ ហើយ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក “ឆ្មាំ​អង្គរ” ដែរ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​សមយុទ្ធ​យោធា​ជាមួយ​ប្រទេស​ចិន ត្រូវ​បាន​ធ្វើ​ឡើង​ជា​លើក​ដំបូង​នៅ​កម្ពុជា សំដៅ​ពង្រឹង​បន្ថែម​ការ​ទំនាក់ទំនង​ក្នុង​វិស័យ​យោធា និង​កែលំអ​កិច្ច​សហប្រតិបត្តិការ និង​មិត្រភាព​រវាង​កម្ពុជា និង​ចិន។ ថ្លែង​ក្នុង​ពិធី​បិទ​បញ្ចប់​សមយុទ្ធ​យោធា​រួម​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា “សមយុទ្ធ​យោធា​នាគ​មាស​ឆ្នាំ​២០១៦" នេះ គឺ​ជា​សមិទ្ធផល​ថ្មី​មួយ​ក្នុង​ចំណោម​សមិទ្ធផល​ថ្មី​នានា ដែល​បាន​ប្រសូត​ចេញ​ពី​ទំនាក់ទំនង​ប្រកប​ដោយ​មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​យោធា​កម្ពុជា និង​ចិន ក្រោម​ក្របខ័ណ្ឌ ភាព​ជា​ដៃគូ​នៃ​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​យុទ្ធសាស្ត្រ។ ក្នុង​ឆ្នាំ​២០១៦ នេះ​ដែរ ប្រទេស​ទាំង​ពីរ​ក៏​បាន​ធ្វើ​សមយុទ្ធ​យោធា​នាវាចរណ៍​រួម​គ្នា ជា​លើក​ដំបូង​ផង​ដែរ។

​ដោយ​ឡែក​កាល​ពី​ពាក់​កណ្ដាល​ខែ​តុលា ឆ្នាំ​២០១៦ នេះ​ដែរ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​លើ​កដំបូង​មក​កាន់​ប្រទេស​កម្ពុជា ក្នុង​ឋានៈ​ជា​ប្រមុខរដ្ឋ លោក​ប្រធានាធិបតី​ចិន ស៊ីជិន ពីង (Xi Jinping) បាន​សន្យា​ផ្ដល់​ជំនួយ​ដល់​កម្ពុជា ជា​ទឹក​ប្រាក់​ចំនួន​ជាង ២៣៧​លាន​ដុល្លារ​អាមេរិក សម្រេច​លុបចោល​បំណុល​រដ្ឋ​ដែល​កម្ពុជា ជំពាក់​ចិន ចំនួន​ជិត ៩០​លាន​ដុល្លារ​អាមេរិក និង​ផ្ដល់​ជំនួយ​បន្ថែម​សម្រាប់​គាំទ្រ​វិស័យ​យោធា​ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជិត ១៥​លាន​ដុល្លារ​អាមេរិក។ គ្រាន់តែ​នៅ​ឆ្នាំ​២០១៦ នេះ ក្រុង​ប៉េកាំង បាន​ផ្ដល់​ជំនួយ​យ៉ាង​ហោច​ណាស់​ជាង ៦០០​លាន​ដុល្លារ​អាមេរិក ដល់​ប្រទេស​កម្ពុជា ដែល​ប្រការ​នេះ​ធ្វើ​ឲ្យ​ប្រទេស​ចិន ក្លាយ​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា។ លោក ហ៊ុន សែន បាន​ចាត់​ទុក​ប្រទេស​ចិន គឺ​ជា “មិត្ត​​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត” (most trustworthy friend) ខណៈ​ដែល​លោក​ប្រធានាធិបតី ស៊ីជិន ពីង បាន​ចាត់​ទុក​លោក ហ៊ុន សែន ថា​ជា “មិត្ត​មិន​កែប្រែ​របស់​ចិន" (an ironclad friend)។

សម្រាប់​ប្រទេស​ចិន ការ​ផ្ដល់​ជំនួយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដល់​ប្រទេស​កម្ពុជា ក្នុង​មួយ​ឆ្នាំៗ​បែប​នេះ មិន​មែន​ជា​រឿង​ចៃដន្យ​ឡើយ។ ប្រទេស​ចិន ត្រូវការ​កម្ពុជា ធ្វើ​ជា​សម្ព័ន្ធ​មិត្ត​ជិតស្និទ្ធ​យូរ​អង្វែង ទាំង​នៅ​លើ​ឆាក​អន្តរជាតិ និង​ទាំង​នៅ​ក្នុង​តំបន់ ដើម្បី​ឲ្យ​ប្រទេស​មួយ​នេះ​អនុវត្ត​តាម​មាគ៌ា​គោលនយោបាយ​ការបរទេស​របស់​ខ្លួន។ ជាក់ស្ដែង ម្ដង​ជា​ពីរ​ដង ប្រទេស​កម្ពុជា បាន​ព្យាយាម​រារាំង​មិន​ឲ្យ​មាន​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​អាស៊ាន​ណា​មួយ​ដែល​ថ្កោលទោស ឬ​ប្រឆាំង​នឹង​ប្រទេស​ចិន ពាក់ព័ន្ធ​នឹង​ជម្លោះ​ដែន​កោះ​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង​ឡើយ។ ក្រៅ​ពី​នេះ គេ​នៅ​ចាំ​បាន​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​២០០៩ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក ស៊ីជិន ពីង ដែល​កាល​នោះ​លោក​គឺ​ជា​អនុ​ប្រធានាធិបតី មក​កាន់​ប្រទេស​កម្ពុជា ប្រទេស​កម្ពុជា​បាន​និរទេស​ជនជាតិ​ដើម​ភាគ​តិច អ៊ុយហ្គ័រ មូស្លីម (Muslim Uighurs) ដែល​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ចំនួន ២០​នាក់​ទៅ​ប្រទេស​ចិន វិញ តាម​ការ​ស្នើ​សុំ​ពី​សម​ភាគី​ចិន បើ​ទោះ​ជា​មាន​ការ​ថ្កោលទោស​ជា​ទូទៅ​ពី​អន្តរជាតិ​ក៏ដោយ។ ជា​លទ្ធផល ប្រទេស​ចិន បាន​សន្យា​ផ្ដល់​ប្រាក់ ១​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា។

ដោយ​ឡែក​សម្រាប់​កម្ពុជា វិញ ការ​ងាក​ទៅ​ធ្វើ​ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​ជាមួយ ប្រទេស​ចិន ដោយ​ចំហ​របស់​ខ្លួន​នៅ​ពេល​នេះ គឺ​មិនមែន​តែ​សម្រាប់​បម្រើ​ឲ្យ​ហេតុផល​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​មួយ​មុខ​ប៉ុណ្ណោះ​ទេ តែ​នៅ​មាន​ហេតុផល​អត្ថប្រយោជន៍​យុទ្ធសាស្ត្រ​ចម្បង​ចំនួន​ពីរ​ផ្សេង​ទៀត ដែល​គេ​មិន​អាច​មើល​រំលង​បាន។ អត្ថប្រយោជន៍​យុទ្ធសាស្ត្រ​ទី​មួយ គឺ​កម្ពុជា កំពុង​ប្រើប្រាស់​ចិន ដើម្បី​ទប់ទល់ ឬ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ជាមួយ​នឹង​ឥទ្ធិពល​ដ៏​គួរ​ឲ្យ​បារម្ភ​ពី​សំណាក់​ប្រទេស​វៀតណាម ដោយសារ​តែ​ប្រជាជាតិ​ទាំង​ពីរ​ធ្លាប់​អរិភាព​ជាមួយគ្នា​ជា​យូរលង់​មក​ហើយ។ រី​ឯ​អត្ថប្រយោជន៍​យុទ្ធសាស្ត្រ​ទី​ពីរ គឺ​កម្ពុជា ក៏​កំពុង​ប្រើប្រាស់​ប្រទេស​ចិន ធ្វើ​ជា​បង​ធំ​សម្រាប់​បង្អែក ឬ​ជា​ឈ្នាន់​ដើម្បី​ទប់ទល់​នឹង​បស្ចិម​លោក នៅ​ពេល​ដែល​ខ្លួន​ទទួល​រង​នូវ​ការ​រិះគន់ ឬ​ការ​ថ្កោលទោស​ជុំវិញ​ករណី​រំលោភ​សិទ្ធិ​មនុស្ស ឬ​ការ​គំរាម​កាត់​ផ្ដាច់​ជំនួយ​ណា​មួយ ។ល។

ហេតុផល​ទី​បី គឺ​ចរន្ត​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​ដែល​កំពុង​តែ​មាន​ទំនោរ​ងាក​ទៅ​រក​ប្រទេស​ចិន​ដោយ​ចំហ និង​ឥត​លាក់លៀម។ បន្តិច​ម្តងៗ ប្រទេស​នានា ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​អាមេរិក ធ្លាប់​សង្ឃឹម​ថា អាច​នឹង​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ខ្លួន​យ៉ាង​មាន​ប្រសិទ្ធភាព ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ជាមួយ​ប្រទេស​ចិន នៅ​ក្នុង​ជម្លោះ​ដែន​កោះ​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង រួម​ទាំង​សម្ព័ន្ធមិត្ត​ដ៏​យូរលង់​របស់​ខ្លួន​ផង​ដែរ​នោះ បាន​បោះបង់​ចោល​អាមេរិក ដោយ​ងាក​ទៅ​ចាប់​ដៃ​ជាមួយ​នឹង​ប្រទេស​ចិន វិញ។

ប្រទេស​ហ្វីលីពីន ជា​ឧទាហរណ៍ ដែល​ធ្លាប់​តែ​ជា​សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លេច​របស់​អាមេរិក ហើយ​ដែល​ធ្លាប់​ប្ដឹង​ប្រទេស​ចិន ទៅ​តុលាការ​អន្តរជាតិ​ជុំវិញ​ករណី​ជម្លោះ​ដណ្ដើម​ដែន​កោះ​ដ៏​រ៉ាំរ៉ៃ​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង​នោះ បាន​ផ្លាស់ប្ដូរ​ជំហរ​របស់​ខ្លួន​គួរ​ឲ្យ​ភ្ញាក់ផ្អើល។ តាម​រយៈ​ប្រធានាធិបតី​ថ្មី​របស់​ខ្លួន គឺ​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រទេស​ហ្វីលីពីន បាន​​សម្ដែង​ការ​ខឹងសំបារ​របស់​ខ្លួន​ជាមួយ​អាមេរិក ហើយ​បែរ​ជា​មក​ស្រឡាញ់​ចូល​ចិត្ត និង​ឱប​ក្រសោប​យក​ប្រទេស​ចិន វិញ។ លោក​ប្រធានាធិបតី​ហ្វីលីពីន បាន​ប្រកាស​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​នៅ​ឯ​មហាសាល​ប្រជាជន​នៅ​ទីក្រុង​ប៉េកាំង ថា “នៅ​ទីកន្លែង​នេះ ខ្ញុំ​សូម​ប្រកាស​អំពី​ការ​កាត់​ផ្ដាច់​សម្ពន្ធភាព​របស់​ខ្ញុំ​ចេញ​ពី​ប្រទេស​អាមេរិក"។

ដោយ​ឡែក ប្រទេស​វៀតណាម ដែល​ជា​គូ​ជម្លោះ​ដ៏​ស្រួចស្រាល់​មួយ​ទៀត​របស់​ប្រទេស​ចិន ជុំវិញ​ករណី​ជម្លោះ​ដណ្ដើម​ដែន​កោះ​នៅ​សមុទ្ទ​ចិន ខាង​ត្បូង​នោះ កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​សន្យា​ដោះស្រាយ​ជម្លោះ​ដែន​ទឹក​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន នេះ​ជា​លក្ខណៈ​ទ្វេ​ភាគី​វិញ​ដែរ ជា​ជាង​ធ្វើ​អន្តរ​ជាតូបនីយកម្ម​នៃ​វិវាទ​នេះ។

ជាមួយ​គ្នា​នេះ​ដែរ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ទទួល​បាន​ការ​សាទរ​ពី​អ្នក​នយោបាយ​ម៉ាឡេស៊ី រួម​អាជីព​របស់​លោក​ថា លោក​ជា “មេដឹកនាំ​ដែល​មាន​ចក្ខុវិស័យ​យូរ​អង្វែង” សម្រាប់​ការ​ដែល​លោក​ដឹកនាំ​ប្រទេស “ងាក​ទៅ​រក​ប្រទេស​ចិន”។ ប្រទេស​ថៃ ទៀតសោត ក៏​បាន​យល់ព្រម​កសាង​មជ្ឈមណ្ឌល​ជួសជុល និង​ផលិត​គ្រឿង​សព្វាវុធ​ឲ្យ​កងទ័ព​ចិន ទៀត​ផង។

តាម​រយៈ​ហេតុផល​ចម្បង​ចំនួន​បី​ដូច​ដែល​បាន​វិភាគ​ត្រួសៗ​ពី​ខាង​លើ​នេះ គេ​អាច​ស្វែង​យល់​បាន​ច្រើន​អំពី​មូលហេតុ​នានា នៅ​ពី​ក្រោយ​ការ​ដែល​នាំ​ឲ្យ​កម្ពុជា សម្រេច​ចិត្ត​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ប្រចាំ​ឆ្នាំ​ជាមួយ​អាមេរិក ឈ្មោះ “ឆ្មាំ​អង្គរ” ដែល​ហេតុផល​ទាំង​អស់​នេះ​គឺ​ពិត​ជា​មាន​លើស​ពី​ការ​ថ្លែង​អះអាង​សម្អាង​ហេតុ​ពី​សំណាក់​ភាគី​កម្ពុជា៕​

RFA
ដោយ មាន ឫទ្ធិ

វិភាគ៖ ការប្រើយុទ្ធសាស្ត្ររំលាយគូប្រកួតមុនការបោះឆ្នោត



ក្រុមអ្នកវិភាគបានមើលឃើញថា យុទ្ធសាស្ត្ររំលាយដៃគូប្រកួតនៅពេលការ​បោះ​ឆ្នោតជិតមកដល់ ​ត្រូវបាន​បង្ហាញច្បាស់ៗតាមរយៈសាររបស់មេដឹកនាំគណបក្សកាន់អំណាចនៅសប្តាហ៍នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាឲ្យក្រុមអ្នកច្បាប់របស់លោក​ព្រាង​វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយលោកចង់ឲ្យចែងថា ក្រសួងមហាផ្ទៃអាចរំលាយគណបក្សនយោបាយណាមួយចោល បើរកឃើញថាមានកំហុស។ លោក ហ៊ុន សែន និយាយថា លោកចង់ធ្វើដូចនេះគឺយក​លំនាំតាមប្រទេសថៃ ខណៈដែល​ថៃ​បច្ចុប្បន្ន​ដឹក​នាំ​ដោយ​ពួកយោធា។

អ្នកវិភាគយល់ថា ការ​ចង់កែប្រែច្បាប់បែបនេះគឺជាយុទ្ធសាស្ត្រ​ចុង​ក្រោយ​របស់ ​លោក ហ៊ុន សែន ទៅរំលាយគណបក្សសង្រ្គោះជាតិដែលជាដៃគូប្រកួត​ធំជាងមួយ​នៅពេល​បោះឆ្នោត​ខាង​​​មុខ។

លោកបណ្ឌិត ចាន់ វិបុល អ្នកជំនាញអភិបាលកិច្ចនិងប្រជាធិបតេយ្យវិភាគថា ការកែ​ប្រែ​ច្បាប់​នេះគឺជាចេតនានយោបាយមិនល្អមួយដើម្បីកម្ចាត់ដៃគូប្រកួត។ លោកមានប្រសាសន៍ថា៖ «ខ្ញុំឃើញថាការធើ្វនេះវាជាគំរូអាក្រក់បំផុតហើយទាក់ទងនឹងការប្រើប្រាស់យន្តការរដ្ឋសភាដើម្បីកម្ចាត់តួអង្គឬដៃគូណាម្នាក់ដែលកំពុងមានអំណាចប្រហាក់ប្រហែលគ្នាគឺសំដៅទៅលើគណបក្សសង្ក្រាះជាតិនេះ ពីព្រោះខ្ញុំយល់ថាគណបក្ស[CPP]នេះធើ្វវិសោធនកម្មពីព្រោះថាទូទៅគួរបង្កើតហើយមុននឹងចាប់ផ្ដើមមានបញ្ហាហឹ្នង។ ប្រសិនបើមានបញ្ហាហឹ្នងទៅ គេចាប់ផ្ដើមបង្កើតច្បាប់រឿងទោសទណ្ឌទាំងអស់នេះកើតឡើងដោយសារប្រឡាក់ប្រលោកនយោបាយ»។

នៅប្រទេសថៃ ច្បាប់​រំលាយគណបក្សណាមួយ បើ​មាន​សមាជិកបក្សនោះ​ប្រព្រឹត្តកំហុស គឺ​ត្រូវបាន​បង្កើត​ឡើងតាំងពីមុន​របប​សឹក​ឡើង​កាន់​អំណាចទៅទៀត។

ទោះជាយ៉ាងណា អ្នកវិភាគលើកឡើងថា ការចង់ឲ្យមានច្បាប់បែបនេះនៅកម្ពុជាមិនមែនជាឧបសគ្គដល់​គណបក្ស​ណាមួយនោះទេ ប៉ុន្តែបញ្ហានៅត្រង់​ការ​កំណត់ថា អ្នកនយោបាយណាម្នាក់មានទោសឬ​មិនមាន​ទោស​គឺអាស្រ័យតែអារម្មណ៏របស់អ្នកមានអំណាច តាមរយៈ​ប្រព័ន្ធតុលាការ។

លោក ចាន់ វិបុល វិភាគទៀតថា ការកែប្រែច្បាប់​នេះទំនងជាគណបក្សកាន់អំណាចខ្លាច​ចាញ់​​គណបក្ស​ប្រឆាំងនៅពេល​បោះឆ្នោតខាងមុខ។ លោកមានប្រសាសន៍ថា៖ «តាមការពិតទៅសម្រាប់រយៈពេលវែងមិនមែនជារឿងអាក្រក់ទេ។ ខ្ញុំថាវាជារឿងល្អ ព្រោះវាមានច្បាប់ការពារកុំឲ្យមានទណ្ឌិតអីចឹង ប៉ុន្តែសម្រាប់ទិដ្ឋភាពនេះបញ្ជាក់ថាគឺគោលបំណងនៃការតាក់តែងច្បាប់គ្រាន់តែបំផ្លាញគណបក្សមួយដែលនឹងអាចធ្វើឲ្យគណបក្សប្រជាជនមានការភ័យខ្លាចថាគណបក្សនេះអាចទទួលបានអំណាចនៅឆាំ្ន២០១៧ឆាំ្ន២០១៨»។

អ្នកវិភាគលើកឡើងដូចនេះ ដោយ​មើល​ឃើញថាយុទ្ធសាស្ត្រ​បំបែកមេដឹកនាំគណបក្ស​ប្រឆាំង លោក សម រង្ស៊ី ឲ្យចេញពីលោក កឹម សុខា ច្រើ​ន​ក្បាច់​កន្លង​មក​មិនបានជោគជ័យ។ លោក ហ៊ុន សែន ក៏បានប្រកាសជាសាធារណៈថា លោកចាញ់បោកលោក កឹម សុខា ផងដែរ​។ ក្នុង​ន័យនេះអ្នកវិភាគយល់ថា មកពីលោក កឹម សុខា មិនព្រម​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោល​ទោស លោក សម រង្ស៊ី តាមអ្វីដែលលោក ហ៊ុន សែន ចង់បាននៅពេលមានជំនួបបិទ​ទ្វារ​នៅ​រដ្ឋ​សភា កាលពីពេលដែលរដ្ឋសភាអនុម័តដក​តំណែងប្រធានក្រុម​មតិ​ភាគតិចពី លោក សម រង្ស៊ី ប្រ​គល់​​ឲ្យ លោក កឹម សុខា នោះ។​

លោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា ការកែប្រែច្បាប់ក្នុងកាលៈទេសនេះ​គឺធ្វើឡើង​ដោយ​មិនមាន​សីលធម៌ ក្នុងន័យផ្ចាញ់អ្នកនយោបាយណាមួយ។ លោកយល់ថា៖ «ហឹ្នងគេអត់មានគេហៅថានីត្យានុកូលភាពទេ។ជាសញ្ញាមួយដែលបង្ហាញថាអំណាចឥឡូវនេះផ្ដាច់ការទៅៗ។…គឺអាចស្របតាមនីតិវិធីច្បាប់ស្របច្បាប់ស្របនិងរដ្ឋធម្មនុញ្ញប៉ុន្តែគេហៅថាតម្លៃសីលធម៌ខ្លឹមសារសីលធម៌ហឹ្នងដោយសារច្បាប់នេះធើ្វក្នុងកាលៈទេសៈមួយតម្រង់ទៅគណបក្សណាមួយឬបុគ្គលណាម្នាក់»។

លោក ឡៅ ម៉ុងហៃ ប្រៀបធៀបការ​កែច្បាប់ដើម្បីរំលាយគណបក្ស​ណាមួយនៅពេលនេះ​ទៅ​នឹង​​ការលែង​​បាល់ទាត់។ លោកប្រៀបធៀបថា៖ «ខ្ញុំនិយាយប្រៀបធៀបចុះ។ ដូចយើងអ្នកលេង ក្រុមទាត់បាល់ពីរហើយក្រុមមួយដែលជាអាជ្ញាកណ្ដាលផងដែរហើយចេះតែទាត់មិនចូល។ ម្លោះហើយរើហ្គោនពីកន្លែងមួយទៅកន្លែងមួយឬពង្រីកដើម្បីឲ្យទាត់បាល់ចូល។ អាហឹ្នងគឺអត់ត្រឹមត្រូវទេ»។

ទោះជាយ៉ាងណា លោក ឡៅ ម៉ុងហៃ បញ្ជាក់ថា ច្បាប់នេះអាចកែប្រែទៅបាននៅពេល​វេលា​សម​ស្រប​ណាមួយដែលអ្នកនយោបាយស្រុះស្រួលគ្នា ហើយថាការកែប្រែនៅពេលនេះ​មិន​អាច​​អនុវត្តលើ​គណបក្សនយោបាយ​ដែល​បាន​និង​កំពុងដំណើរ​ការ​ស្រាប់នោះទេ ​ដែល​តាម​ន័យ​ច្បាប់​គឺមិនអាចធាក់ថយក្រោយឬអប្រតិសកម្មបានឡើយ។​

សូមបញ្ជាក់ថា មុននឹងបញ្ជាឲ្យកែប្រែច្បាប់​ដើម្បី​ឈាន​ទៅ​រំលាយ​គណបក្សណា​មួយ​ចោល​នោះ​​លោកនាយករដ្ឋ​មន្រ្តី ហ៊ុន សែន ក៏បានបញ្ជាឲ្យកែច្បាប់​មួយទៀតដើម្បី​ហាមឃាត់​មិនឲ្យ​អ្នកន​យោ​បាយ​​​មានទោស​ធ្វើ​ជាប្រធានគណបក្សបានឡើយ ខណៈលោក សម រង្ស៊ី ត្រូវបាន​តុលាការ​កាត់​ទោសនោះ។

ជាការកត់សំគាល់ ​ការ​អនុម័ត​ច្បាប់មួយចំនួនកន្លង​ដែលធ្វើ​ឡើងដោយ​គណបក្សប្រជាជន​កម្ពុជា​តែ​ឯង​​គឺ​មិន​​​សូវ​​មាន​វិសាលភាពអនុវត្ត​ជាទូទៅនោះទេ។ច្បាប់ទាំងនោះរួមមាន ច្បាប់​ឯកព័ន្ធភាព ដែល​​ធ្វើ​ឡើង​សំដៅ​ទៅ​បញ្ចប់​ជីវិតនយោបាយ​សម្តេចក្រុមព្រះ និងច្បាប់​ប្រឆាំងនឹងអ្នក​មិន​ទទួល​​ស្គាល់​របបខ្មែរ​ក្រហម ដែល​សំដៅទៅលើ លោក កឹម សុខា បន្ទាប់ពីលោក​ថ្លែងទាក់ទង​នឹង​​គុក​ទួល​ស្លែង​នោះ៕

VOD
ដោយ លោក អុឹង ប៊ុនថន​​

វិភាគ៖ តើមានកត្តាអ្វីខ្លះជំរុញឲ្យលោក ហ៊ុន សែន ចង់ផាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយ?

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ



ស្ថានការណ៍នយោបាយនៅពេលនេះ ត្រូវបានគេមើលឃើញថាហាក់បានឡើងកម្តៅគួរឲ្យព្រួយបារម្ភឡើងវិញ ក្រោ​យ​ពី​លោក ហ៊ុន សែន ព្រមានថានឹងរឹបអូសទ្រព្យសម្បត្តិរួមទាំងស្នាក់ការគណបក្សសង្គ្រោះជាតិផង បើលោក​ឈ្នះ​​ក្តីលើមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ក​រណី​​បណ្តឹងបរិហាកេរ្តិ៍ ​ទារជម្ងឺចិត្ត១លានដុល្លារនោះ។

មួយវិញទៀតសម្ព័ន្ធភាពរបស់គណបក្សទាំងពីរ ហាក់បានចែកផ្លូវគ្នាឡើងវិញ នៅពេលតំណាងរាស្ត្ររបស់គ​ណ​ប​ក្សប្រជាជនកម្ពុជាបានធ្វើវិ​សោ​ធន​ក​ម្មបទ​​ប​ញ្ជាផ្ទៃក្នុងសភា លុបចោលតំណែងប្រធានក្រុមមតិភាគតិចនិងប្រ​ធា​ន​​ក្រុ​​​ម​តិភាគច្រើន ដែលគណបក្សទាំងពីរបា​នបង្កើ​តឡើ​ងអំឡុងត្រូវរ៉ូវគ្នានាឆ្នាំ២០១៤។

ការដើរថយក្រោយនៃចរន្តនយោបាយបែបនេះ គណបក្សធំៗទាំងពីរដែលមានអាសនក្នុងសភា បានកា​រពារភា​ពត្រឹម​ត្រូ​វតែរៀងៗខ្លួន។ គណប​ក្សប្រឆាំងអះអាងថា ការលុបចោទស្ថាប័នទាំងពីរក្នុងសភានេះ ជាសញ្ញាណដើ​រថ​យ​ក្រោ​​យ​​ទៅលើ​យន្ត​ការជំរុញប្រជាធិបតេយ្យ ដោយថាប្រព័ន្ធទំនាក់ទនងត្រូវបានកាត់ផ្តាច់។

ចំណែកមេដឹកនាំបក្សកាន់អំណាចវិញ អះអាងថា ការផ្តាច់ចំណងទាក់ទងរវាងប្រធានក្រុមមតិភាគច្រើន​ និងប្រធា​នក្រុម​មតិភាគតិចនៅពេលនេះថា ជាការគេចចេញពីការដាក់សម្ពាធណាមួយ ពីបក្សប្រឆាំង ឲ្យខ្លួនជ្រៀតជ្រែ​ក​ប្រព័ន្ធយុ​ត្តិធម៌ ដើម្បីបានដោះលែងអ្នកជាប់ឃុំ ដែលសង្គមស៊ី​វិលចាត់ទុកថាជាអ្នកទោសមនសិការ។

សញ្ញាណគួរឲ្យព្រួយបារម្ភមួយទៀតរបស់អ្នកនយោបាយនោះ គឺលោក ហ៊ុន សែន បានជំរុញឲ្យតំណាងរាស្ត្រ​របស់លោ​កដែលមានសំឡេងភាគច្រើនក្នុងសភា ធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលលោកថា ច្បាប់នោះ​ ត្រូវសរសេរថាអ្នកនយោបាយមានទោស មិនអាចធ្វើជាប្រធា​ននិងអនុប្រធា​នគណប​ក្សបា​នទេ។

ក្នុងន័យនេះ លោក​ ហ៊ុន សែន ហាក់សំដៅទៅលើប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលកំ​ពុងនី​រទេ​សខ្លួ​ន​នៅក្រៅប្រទេស​ គេចចេញពីការតាមចាប់ខ្លួន របស់តុលាការ។

តើមានកត្តាអ្វីខ្លះជំរុញឲ្យលោក ហ៊ុន សែន ចង់ធ្វើច្បាប់ផាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយ?

អ្នកវិភាគលើកឡើងថា មានកត្តា៣យ៉ាងដែលជំរុញឲ្យលោក ហ៊ុន សែន មិនចង់ឲ្យមានវត្តមានមេបក្ស​ប្រឆាំង លោក សម រង្ស៊ី ចូលកម្ពុជាធ្វើជាមេដឹកនាំបក្សប្រឆាំង។

អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយ និងអភិបាលកិច្ច លោក បណ្ឌិត ចាន់ វិបុល លើកឡើងថា ក្រោយ​ការបាក​បោះ​ឆ្នោ​​តឆ្នាំ២០១៣ គណបក្សប្រជាជន ដែលកាត់អំណាចជាង៣០ឆ្នាំមកនោះ បានធ្លាក់ប្រជាប្រជាប្រិយភាព ចំណែ​កគណបក្សសង្គ្រោះជាតិដែលមានការច្របាច់ចូលគ្នា រវាងមេដឹកនាំ លោក សម រង្ស៊ី និងលោក កឹម សុខា ។ លោ​ក​ថា ​សញ្ញាណនេះបង្ហាញថារលកប្រជាធិបតេយ្យបានហក់ឡើង។

​លោក ចាន់ វិបុល វិភាគថា ការដែលលោក ហ៊ុន សែន ចង់ឲ្យកែច្បាប់ចម្រិតសិទ្ធិធ្វើនយោបាយ អំឡុងពេលលោក សម រង្ស៊ី កំពុងជាបបណ្តឹង នយោបាយបែបនេះ លោក ថា ជាសារមួយបង្ហាញថា មេបក្សកាន់អំណាច បារម្ភពីរកា​រ​បា​ត់ប​ង់អំណាច តាមរយៈពង្រឹយយន្តការប្រជាធិបតេយ្យ។

បើតា​មលោក ចាន់ វិបុល ទំនងជាបារម្ភពីការហក់ឡើងនៃរលកប្រជាធិបតេយ្យនេះ អាចធ្វើមេដឹកនាំប​ក្សកាន់អំណា​ច ងា​​កមកចាប់យកយន្តការពង្រឹងអំណាច តាមបែបរបបប្តេចការនិយមវិញ។

ម៉្យាងវិញទៀត លោក ចាន់ វិបុល វិភាគទៀតថា ការដែលមេដឹកនាំបក្សកាន់អំណាច ជ្រើសរើ​សយក​យន្តកា​រកា​រពារ​អំណា​ច បែបគ្មានតម្លាភាពបែបនេះ លោកថា អាចមកពីបក្សកាន់អំណាច ធ្វើកំ​ណែ​ទម្រង់ ដើម្បី​ទា​ញ​យក​ការគាំទ្រ ពីមហាជនទៅមុខលែងរួច។

លោកថា៖ «បើនិយាយពីគណបក្សប្រជាជន គឺលោកហាក់មិនមានសមត្ថភាព កែទម្រង់ស្អីទៀតទេ ព្រោះកា​ រដឹកនាំជាង៣០ – ៤០ឆ្នាំហើយ អំពើពុករលួយនៅក្នុងសង្គ​មកម្ពុជាធ្ងន់ក្រាស់ក្រែលហើយដែរ។ បក្ខពួ​​កនិ​យមគ្រួ​សារនិយម ត្រកូលនិយមនេះ ក៏ជាងរឿងដែលមិនអាចកាត់ផ្តាច់បានដែរ ហើយសម​ត្ថភាពនៃមេដឹ​ក​នាំមួ​យ​ចំ​នួន​ដែលមានវ័យចំណាស់ ហើយមិនចង់បាត់បង់អំណាចហ្នឹងក៏មិនអាចកែប្រែបានដែរ។ ហើយទី៤ទៀ​តចរិត​នៃ​អ្នក​នយោបាយ បែបប្រជាធិបតេយ្យនៅក្នុងខ្លួនគាត់ហ្នឹង ក៏មានច្រើនទៅទៀត។ អញ្ចឹងទាំ​ងអស់ហ្នឹ​ងហើ​យ​ដែលជា​រនាំងធ្វើឲ្យគណបក្សប្រជាជនភ័យខ្លាចក្នុងការចាញ់អំណាចនៅតែជាចំនុចចាំបាច់បំផុត»។

អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម និងនយោបាយ លោក គឹម សុខ លើកឡើងថា ការដែលលោក ហ៊ុន​ សែន ជំរុញ​ឲ្យ​ធ្វើច្បាប់ផាត់លោកសម រង្ស៊ី ចេញពីឆាកនយោបាយបែបនេះ លោកវិភាគថា អាចមកពីយន្តសា​ស្ត្រ​បំបែកបំបាក់ និងយុត្តិសាស្ត្រគំរាមកំហែងទៅលែងមានប្រសិទ្ធិភាពលោកថា ទើបមេដឹកនាំបក្ស​កាន់អំណាចប្រើ​ស្ថាប័នពី​រសំខាន់ គឺតុ​លាការ និងរដ្ឋសភា សម្រាប់កម្ចាត់មេបក្សប្រឆាំង។

លោកថា៖ «ពិនិត្យឲ្យជាក់លាក់ទៅ គណបក្សសង្គ្រោះជាតិនៅតែខ្លាំង នៅពេលដែលលោកនា​យករដ្ឋមន្ត្រីគាត់ប្រើគ្រ​ប់វិ​​ធីសាស្ត្រអស់​ទៅហើយ នៅតែមិនអាចធ្វើឲ្យខ្សោយបាន។ បំបែកមិនបានហើយ ធ្វើឲ្យខ្សោយមិនបានទៀត អាហ្នឹ​ង​វា​​ជា​មូ​លហេតុធំបំផុតហើយ ដែលគាត់ដាក់នូវយុទ្ធសាស្ត្រឈ្នានីសចុងក្រោយនេះ តាមរយៈ​ការប្រើយន្តការណ៍សភា និងតុលាការ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងប្រហាក់ប្រហែលដែរថា ថ្មីបើរដ្ឋ​ធម្មនុញ្ញ​បានចែងថា អំណាចនីតិបញ្ញត្ត នីតប្រតិបត្តិ និងតុលាការ ជាអំណាចដាច់ពីគ្នាក៏ដោយ តែលោ​កថាបច្ចុប្បន្ននេះ អំណាច កំពូលទាំង៣ លោកថាស្ថិតក្នុងដៃលោក ហ៊ុន​ សែន។ លោកវិភាគថា ដូចនេះ លោក ហ៊ុន សែន នឹងប្រើ​គ្រប់រូបភាព ដើម្បីទប់ស្កាត់កុំឲ្យអំណាចរបស់លោកបាត់បង់ដោយប្រការណាមួយ តាមរយៈ​ល្អុកល្អឺនជា​មួយប​ក្សប្រ​ឆាំ​​ង​ដែលកំពុងហក់ឡើងប្រជាប្រិយភាពនោះទេ។

ប៉ុន្តែ​លោក ឯម សុវណ្ណារ៉ា វិភាគថា ជម្រើសបន្តគ្រប់គ្រងអំណាច តាមរយៈមិនគោរព គោលការប្រជាធិបតេយ្យ ដូច​មា​​នចែងក្នុងរដ្ឋធម្មនុញ្ញនោះ លោកថា ជាគំរូអាក្រក់ សម្រាប់ក្មេងជំនាន់ក្រោយ និងបង្កឲ្យ​សង្គ​មជាតិបែបបាក់។

លោកថា៖ «ចរន្តនេះឯងយើងហៅថាផ្តល់រូបភាពអាក្រក់ទី១។ ទី២វាបង្កទៅជាចរន្តបង្កឲ្យពលរដ្ឋចែកចេញជាពីរ ទៅតាមមនោគមវិជ្ជារវាងអ្នកគាំទ្របក្សកាន់អំណាចនិងមនោគមវិជ្ជានៃអ្នកគាំទ្រលទ្ធិសេរី។អញ្ចឹងពលរដ្ឋកម្ពុជានឹងប្រឈ​មនឹងការប៉ះទង្គិចគ្នាពីការបង្រួមជាតិ និងការអភិវឌ្ឍជាតិ ស្រុះស្រួលជាមួយគ្នា ក្នុងសន្តិវិធីទេ បានន័យថា និង​ប្រឈ​មនឹងការប៉ះទង្គិយចគ្នានៅថ្ងៃអនាគតហើយ»។

លោក ឯម​ សុវណ្ណារ៉ា វិភាគទៀតថា បញ្ជានេះបើគ្មានកិច្ចអន្តរាគមន៍ទាន់ពេលពីសហគមន៍អន្តរជាតិទេ លោកថា កម្ពុជានឹងឈានទៅរកការដឹកនាំមួយបែផ្តាច់ការនិយម។

លោកថា៖ «បើបក្សមួយមានឥទ្ធិពលគ្របដណ្តប់ ធ្វើអីស្រែកចិត្ត ហើយបក្សមួយប​ក្សមួយទៀតបា​ត់ឱកាសចូលរួមក្នុ​​ង​កា​រ​ប្រ​កួតប្រជែងដោយសេរីដោយស្មើភាព អាហ្នឹងខ្ញុំថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រងឥទ្ធិពល ឬក៏នូវ​ផ​លប៉ះ​ពាល់ រងការគំរាមកំហែងដោយអំណាចផ្តាច់ការនេះហើយ។ ហើយកម្ពុ​ជានឹងឈានទៅ​រកអំណាចផ្តា​ច់ការ​ហើ​យបើ​សិនលទ្ធិប្រជាធិបតេយ្យត្រូវបានគំរាមកំហែង ឬ​ក៏មិ​ន​បានអនុវត្តន៍​ឬក៏មិនបានគាំ​ទ្រដោយអ​ង្គការសហ​ប្រជា​ជាតិដែលចូលរួមជំរុញបញ្ហានេះ។ ហើ​យអ្នកដែល​រងទុក្ខខ្លាំ​ងពី​បញ្ហា​នេះ គឺប្រជាពលរដ្ឋកម្ពុជាខ្លួនឯងតែម្តង»។

ទោះជាយ៉ាងណាមកដល់ពេលនេះ គ្មាននណាម្នាក់អាចទស្សទាយបានថា ក្រោយការបោះឆ្នោតឆ្នាំ២០១៨ លោក ហ៊ុន សែន នឹងនៅតែអាចគ្រប់គ្រងតំណែង ជានាយករដ្ឋមន្ត្រីតទៅទៀតបានឬក៏យ៉ាងណានៅឡើយទេ តា​មកា​រប្រឹងប្រែងរបស់លោក ដូចបច្ចុប្បន្ននេះ?

VOD
ដោយ លោក ញឹម សុខន​​

ទស្សនៈល្ងីល្ងើ៖...ពីដើមមាន «ចោរពានវាំង» សម័យនេះមាន «ចោរនៅក្នុងរដ្ឋសភា...» !



(ភ្នំពេញ)៖ ពីដើមឡើយគេធ្លាប់តែឮចាស់ៗហៅគ្នាថា «អាចោរពានវាំង..» ដែលគេសំដៅទៅដល់ជនទាំងឡាយណាដែលថ្លើមធំ ខ្លួនតូចទាប តែហ៊ានទៅឈ្លោះតតាំង ឬបំពាបំពានទៅលើអ្នកធំ ឬអ្នកមានអំណាចជាងខ្លួន ឬក៏ជនណាដែលហ៊ាននិយាយ ឬបញ្ចេញអកប្បកិរិយាប៉ះពាល់ទៅដល់រាជា​ ឬញាតិវង្សជាដើម​នោះ​ក៏គេហៅជននោះថា ជាចោរពានវាំងផងដែរ បានន័យថា គេចាត់ទុកជននោះជាមនុស្សមិនស្គាល់ខ្ពស់ទាប មិនស្គាល់រាក់ជ្រៅ សូម្បីតែវាំងស្ដេចក៏ហ៊ានបំពាបំពានដែរ។

សម័យឥឡូវគេកម្រឮពាក្យ «អាចោរពានវាំង..» នោះណាស់ តែបែរជាមានពាក្យថ្មីមួយទៀតស្ដាប់ ទៅដូចជារៀងទាន់សម័យជាងពីមុន ព្រោះស្ដាប់ឮគេហៅគ្នានៅតាមហ្វេសប៊ុកថា «អាចោរនៅក្នុងរដ្ឋសភា» ទៅវិញ។

នាយខ្វែកស្ដាប់ឮគេនិយាយគ្នានៅតាមហ្វេសប៊ុកថា «អាចោរនៅក្នុងរដ្ឋសភា» មុនដំបូងចង់ភ័យបុកពោះជំនួសអ្នកនិយាយ ព្រោះហាក់ដូចជាមើលងាយ សភាជាតិពេក។ រដ្ឋសភាកើតចេញពីការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ ដែលមាន៥ឆ្នាំម្ដង តំណាងរាស្ត្រដែលចូលទៅធ្វើការ និងប្រជុំនៅក្នុង សភាសុទ្ធតែមានអភ័យឯកសិទ្ធិ មិនអាចជនណាទៅរំលោភបំពានផ្ដេសផ្ដាស់បានទេ រឿងអីគេនាំគ្នាចោទបែបនេះទៅវិញ។

ដល់តែស្ដាប់ឲ្យអស់សេចក្ដីទៅទើបដឹងថា គេមិនបាននិយាយចោទរដ្ឋសភា ឬចោទថានៅក្នុងវិមានរដ្ឋសភាមានចោរចូលលួចស្បែកជើង លួចឡាន លួចម៉ូតូ ឬលួចដោះម៉ាស៉ីនត្រជាក់ឯណា តាមពិតគឺចោរ (តំណាងរាស្ត្រ) លួចសហាយស្មន់គ្នានៅក្នុងបន្ទប់ធ្វើការរបស់ខ្លួននៅក្នុងរដ្ឋសភាតើ...!។

អញ្ចឹងតើ​.! បានជាប៉ូលីសយាមសភានាំគ្នា ភ័យស្លន់ស្លោ ព្រោះរកមុខចោរមិនឃើញ បើចោរលួចសហាយស្មន់នៅតែក្នុងបន្ទប់កម្មសិទ្ធិរបស់គេបិទទ្វារ​ ចាក់សោជិតឈឹង​អញ្ចឹងធ្វើមិចប៉ូលីសដឹងទៅ ពិតជាពូកែរកកន្លែង​លួចស៊ីស្ងាត់ៗមែន សូម្បីតែប្រពន្ធក៏មិនអាច​តាមចាប់ទាន់ដែរ ព្រោះមិននឹកស្មានថា ប្ដីហ៊ានទៅលួច «សៅគ្រី» ដល់បន្ទប់ធ្វើការកន្លែង​​អនុម័តច្បាប់​កំពូលរបស់​ប្រទេសយ៉ាងដូច្នេះសោះ។

អារឿងប្ដីលួច «សៅគ្រី» លួចសហាយស្មន់គ្នាជាមួយលេខា ឬយកនាងៗពីក្រៅចូលដល់ក្នុងប៊ុយរ៉ូបែបនេះ បើនាយខ្វែកចាំមិនភ្លេចទេ កាលពីរាជរដ្ឋាភិបាល អាណត្តិទី២ ធ្លាប់ល្បីម្ដងហើយ កាលណោះមានព័ត៌មានលេចឮថា មានសហរដ្ឋមន្ត្រីក្រសួងមួយនោះលួចសហាយស្មន់ ជាមួយលេខានៅលើតុក្នុង ប៊ុយរ៉ូធ្វើការតែម្ដង ហើយគេលបមើលឃើញនាំគ្នាយកមកនិយាយចែកគ្នាសើចលាន់ តែអ្វីដែលសំខាន់នោះគឺលោកកុង្សីរូបនោះអង្គុយកៅអីរដ្ឋមន្ត្រីមិនទាន់ ក្ដៅគូទផង ក៏ត្រូវជ្រុះតំណែងបាត់ទៅ។

កាលណោះរាសីដាក់ អារក្សជាន់មិនត្រឹមចង្រៃតែបុគ្គលខ្លួនឯងម្នាក់ប៉ុណ្ណោះទេ គឺរាលដាលដល់គណបក្សរបស់ខ្លួនរហូតដល់ចង់រលាយរលត់ បាត់ឈ្មោះទាំងស្រុង ទៀតផង ចង្រៃនេះក៏ដោយសារ «សៅគ្រី» មិនចេះគិត មិនទៅរកផ្ទះសំណាក់រកសណ្ឋាគារទេ សូម្បីតែលើតុក្នុងប៊ុយរ៉ូ ធ្វើការរបស់ខ្លួនក៏មិនលើកលែង។

ឥឡូវក្រោយពីលេចឮព័ត៌មានថា មានលោកតំណាងរាស្ត្រមកពីបក្សប្រឆាំងម្នាក់នោះ លួចសហាយស្មន់ជាមួយលេខានៅក្នុងប៊ុយរ៉ូធ្វើការរបស់ខ្លួននៅក្នុងរដ្ឋសភា មក នាយខ្វែកចេះតែដេកគិតថាតិចលោរាសីដាក់ អារក្សជាន់ ចង្រៃពេញរដ្ឋសភាដូចកាលលោកកុង្សីមកពីបក្សមួយនោះ កាលពីរាជរដ្ឋាភិបាល អាណត្តិទី២ទៀតទៅ។ ដើម្បីកុំឲ្យរាសីដាក់ អារក្សជាន់ កើតរឿងក្ដៅក្រហាយចង្រៃពេញរដ្ឋសភាទាន់ គួរតែនិមន្តព្រះសង្ឃ១០,០០០អង្គ ទៅសូត្រមន្ត ប្រោសព្រំលើករាសីដេញឧបទ្រុបចង្រៃចេញឲ្យហើយទៅកុំទុកយូរ...៕

Fresh News

ទស្សនៈ៖ តើការរត់គេចខ្លួនរឿយៗរបស់ទណ្ឌិត ជាការធ្វេសប្រហែស ឬជាចេតនារបស់មន្រ្តីពន្ធនាគារ?



(ភ្នំពេញ)៖ កាលពីសប្តាហ៍កន្លងទៅនេះមហាជនបានបង្ហាញការសាទរ និងកោតសរសើរជាខ្លាំងចំពោះស្នាដៃរបស់កងកម្លាំងនគរបាល ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្ត រហូតឈានដល់ការវែកមុខ និងចាប់ខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធដ៏សកម្មមួយរូបនៅក្នុងរាជធានីភ្នំពេញ ឈ្មោះ អ៊ុំ សួស្ដី ហៅ ពៅក្បាលធំ និងបក្ខពួករបស់គេម្នាក់ទៀតឈ្មោះ ចាន់ សុវណ្ណ ហៅប៉ែត។

ចោរប្លន់ប្រដាប់អាវុធ អ៊ុំ សួស្តី និងបក្ខពួករបស់គេ នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ បានធ្វើសកម្មភាពបាញ់ប្លន់យ៉ាងព្រៃផ្សៃនៅមុខផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតក្បែរផ្សារសុវណ្ណា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រហូតធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត និងនារីពីរនាក់ទៀតរងរបួសធ្ងន់ស្រាល។

តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញពីសកម្មភាពប្លន់ និងបាញ់ប្រហារដ៏សែនព្រៃផ្សៃនោះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ដែលបានឃើញសកម្មភាពនោះហើយកើតការខឹង សម្បាយ៉ាងខ្លាំងជាមួយក្រុមចោរទាំងអស់នេះ។

បន្ទាប់ពីការប្លន់នេះតែបួនថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ក្រុមកម្លាំងនគរបាលរាជធានីភ្នំពេញ បើកការស៊ើបអង្កេត និង ចាប់ខ្លួនមេចោរដៃឆៅបាញ់ប្រហារសម្លាប់មនុស្សមិនញញើតដៃ អ៊ុំ សួស្តី និងបក្ខពួករបស់គេតែម្តង។ ជាមួយការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានអាវុធ ៣ដើម (M16កាត់០១ដើម, ម៉ាក Bareta ចំនួន០១ដើម និងមួយដើមទៀត ប្រភេទអាវុធខ្លី មិនស្គាល់ម៉ាក)។

ក្រោយការចាប់ខ្លួនមេចោរ អ៊ុំ សួស្តី បានសារភាពថា គេធ្លាប់បានធ្វើសកម្មភាពប្លន់រហូតដល់ទៅ ៤លើក ក្នុងនោះបានសម្រេច ៣លើក និង ១លើកមិនបានសម្រេច។

សម្រែកអំណរសាទរចំពោះប្រតិបត្តិការវែកមុខចោរប្លន់ដ៏មានប្រសិទ្ធភាពរបស់កងកម្លាំងនគរបាល បានកើតមានយ៉ាងកងរំពងលើបណ្តាញសង្គម Facebook នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ដែលជាថ្ងៃកម្លាំង សមត្ថកិច្ចបង្ហាញមុខចោរប្លន់ដ៏ឃោរឃៅនេះ។ តែបន្ទាប់ពីអំណរសាទរនោះមិនបានប៉ុន្មានម៉ោងផង ក៏ស្រាប់តែធ្វើឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើល និងកើតការសោកស្តាយខ្លាំង បន្ទាប់ពីមន្រ្តីនគរបាលម្នាក់ បានទម្លាយថា ចោរនេះធ្លាប់បានចាប់ខ្លួនរួចម្តងមកហើយ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ បន្ទាប់ពីបានធ្វើសកម្មភាពប្លន់រថយន្ត។

ការភ្ញាក់ផ្អើលព្រោះតែមហាជនឆ្ងល់ថា បើទើបចាប់ខ្លួននៅឆ្នាំ២០១៤សោះ ហេតុអ្វី ក៏ឆាប់រួចទោសទណ្ឌមកធ្វើសកម្មភាពប្លន់ជាថ្មីបែបនេះ?

ក្រោយចម្ងល់មហាជនផ្ទុះឡើង ទើបមានការចេញលាតត្រដាងការពិតពី អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញថា មេចោរប្លន់ប្រដាប់អាវុធ អ៊ុំ សួស្តី ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ទៅ ៨ឆ្នាំក្នុងបទល្មើសព្រហ្មទណ្ឌប្លន់រថយន្តនោះ ប៉ុន្តែមេចោររូបនេះបានលួចរត់គេចខ្លួន នៅពេលបញ្ជូនមកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ តាមសំណើរបស់ប្រធានមណ្ឌលអប់រំកែប្រែទី១។ គិតដល់ត្រឹមថ្ងៃរត់គេចខ្លួន មេចោរ អ៊ុំ សួស្តី ជាប់ពន្ធនាគារបានត្រឹម ៩ខែ និង ៥ថ្ងៃប៉ុណ្ណោះ។

បន្ទាប់ពីការរត់គេចខ្លួន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ឃី ឆៃ ចេញដីការទៅសមត្ថកិច្ចឲ្យតាមចាប់ខ្លួនទណ្ឌិតនេះមកវិញ។ ការស្វែងរកចាប់ខ្លួនមេចោរ អ៊ុំ សួស្តី បានអូសបន្លាយរហូតដល់ជាងពីរឆ្នាំ បើគិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ថ្ងៃសមត្ថកិច្ចចាប់ខ្លួនជាថ្មី ក្រោយគេធ្វើសកម្មភាពប្លន់បាញ់សម្លាប់យ៉ាងព្រៃផ្សៃលើជនរងគ្រោះ។

ការរត់គេចខ្លួនរបស់ទណ្ឌិតពេលបញ្ជូនទៅព្យាបាលជំងឺ ដូចករណីមេចោរ អ៊ុំ សួស្តី មិនមែនជារឿងថ្មីនោះឡើយ។ ឆ្នាំ២០១៦កន្លងទៅ មានកើតករណីដូចគ្នានេះមួយចំនួនផងដែរ ក្នុងនោះក៏មានករណីទណ្ឌិត សោម ឯក។

ទណ្ឌិត សោម ឯក ដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារសរុប ៤៦ឆ្នាំ ពីបទបង្កើតចលនាកងទ័ពក្បាលខ្លាខុសច្បាប់ និងពីបទបំផ្ទុះគ្រាប់ធ្វើភេរវកម្ម នៅមុខក្រសួងការពារជាតិកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០០៩ បានរត់គេចខ្លួនពេលបញ្ជូនមកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦។ ទណ្ឌិត សោម ឯក ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានមកវិញ បន្ទាប់ពីព្យាយាមគេចខ្លួនបាន ១៨ថ្ងៃ។ តែក៏មានករណីទណ្ឌិតរត់គេចខ្លួនពេល បញ្ជូនមកព្យាបាលជំងឺមួយចំនួនទៀត ក៏មិនទាន់ត្រូវបានចាប់ខ្លួនមកវិញនៅឡើយនោះទេ។

ព្រោះការកើតមានករណីទណ្ឌិតរត់គេចខ្លួនជាញឹកញាប់ ពេលបញ្ជូនមកព្យាបាលជំងឺបែបនេះ ធ្វើឲ្យមានការងឿងឆ្ងល់ និងលើកជាសំណួរថា តើការរត់គេចខ្លួនពេលមកព្យាបាលជំងឺនេះ ជាការធ្វេសប្រហេសរបស់មន្រ្តីអនុរក្សពន្ធនាគារ ឬ ជាចេតនា?

រាល់ពេលបញ្ជូនទណ្ឌិតមកព្យាបាលជំងឺនៅមន្ទីរពេទ្យ ត្រូវបានគេមើលឃើញថា មានការហែហម អមដំណើរដោយមន្រ្តីអនុរក្សពន្ធនាគារជាច្រើនរូប ហើយទណ្ឌិតសុទ្ធតែបានដាក់ខ្នោះថែមទៀតផង ដែលមិនគួរណាទណ្ឌិតមានឱកាសរត់គេចខ្លួនបាននោះឡើយ។

បើទោះបីការរត់គេចខ្លួនរបស់ទណ្ឌិតនេះ ជាការធ្វេសប្រហេស ឬ ជាចេតនា សុទ្ធតែហុចផលមិនល្អឡើយសម្រាប់សង្គម។ ដូចជាករណីមេចោរ អ៊ុំ សួស្តី ក្រោយពេលរូបគេរត់គេចខ្លួនជាថ្មី គេបានធ្វើសកម្មភាពប្លន់ជាបន្តបន្ទាប់រហូតដល់ ៤លើកក្នុងរយៈរត់គេចខ្លួនរយៈពេលពីរឆ្នាំនេះ។ ការប្លន់ ៤លើកនេះ បានបង្កការភ័យខ្លាចដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ហើយបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនបានតិះទៀនទៅលើចំណាត់ការរក្សាសន្តិសុខរបស់សមត្ថកិច្ច។ ការឈឺចាប់ និងសោកសៅកើតមានកាន់តែខ្លាំងថែមទៀត នៅពេលដែលមេចោរ អ៊ុំ សួស្តី នេះ បានបាញ់សម្លាប់មនុស្សក្នុងករណីប្លន់នៅជិតផ្សារសុវណ្ណា។

គេមិនដឹងថា មន្រ្តីពន្ធនាគារដែលធ្វេសប្រហេស ឬមានចេតនាឲ្យមេចោរប្លន់ អ៊ុំ សួស្តី រត់គេចខ្លួននោះ មានការឈឺចាប់ដែរឬទេ នៅពេលបានឃើញការទួញសោក និងការនិរាសព្រាត់ប្រាស់របស់គ្រួសារជនរងគ្រោះ។ ប្រសិនបើមន្រ្តីអនុរក្សពន្ធនាគាររូបនេះ ពិតជាមានមនសិការ និងទំនួលខុសត្រូវខ្ពស់ចំពោះការងារនោះ គេគួរតែដាក់ពិន័យខ្លួនឯង ដោយមិនចាំបាច់ឲ្យអង្គភាពដាក់ពិន័យនោះឡើយ ហើយគេក៏គួរតែមានវិប្បដិសារីស្ទើរពេញមួយជីវិតផងដែរ។ បើគេមិនបណ្តោយឲ្យ អ៊ុំ សួស្តី រត់គេចខ្លួនបានទេនោះ ក៏ប្រហែលជាមិនមានការបាញ់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់បែបនេះដែរ។

ការចេះតែបណ្តោយឲ្យទណ្ឌិតរត់រួចខ្លួននេះ ក៏បានធ្វើឲ្យកងកម្លាំងសមត្ថកិច្ច ដែលខិតខំបង្រ្កាប និង ចាប់ជនល្មើសកើតការអាក់អន់ស្រពន់ចិត្ត ឈានទៅរកការអស់កម្លាំងចិត្តក្នុងការបង្រ្កាបក្រុមប្រព្រឹត្តបទល្មើសផងដែរ។

ដើម្បីបញ្ចប់ការរត់គេចខ្លួនរបស់ទណ្ឌិតពេលបញ្ជូនមកព្យាបាលជំងឺ ផ្តល់ឱកាសឲ្យទៅសាងបទល្មើសជាថ្មីនោះ ការស៊ើបអង្កេតទៅលើករណីទណ្ឌិតរត់គេចខ្លួន នាពេលកន្លងមក គឺជាវិធានការសំខាន់មួយ ហើយការដាក់ពិន័យឲ្យបានធ្ងន់ធ្ងរចំពោះមន្រ្តីអនុរក្សពន្ធនាគាររូបណា បានសាងកំហុសឲ្យទណ្ឌិតរត់គេចខ្លួន ក៏គួរត្រូវបានអនុវត្តន៍ផងដែរ៕

Fresh News

វិភាគ៖ តើ​វប្បធម៌​បរទេស​ជះ​ឥទ្ធិពល​ជា​វិជ្ជមាននិង​អវិជ្ជមាន​ដូចម្ដេច​ខ្លះ​ទៅ​លើ​សង្គម​កម្ពុជា?

ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)



ប្រជា​ពលរដ្ឋ​កម្ពុជា មិន​ថា​ក្នុង​ចំនួន​តិច ឬ​ច្រើន​ប៉ុណ្ណា​នោះ​ទេ ពួកគេ​បាន​ទទួល​យក​វប្បធម៌​បរទេស​ ដែល​បាន​ហូរ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។ ចាប់​តាំង​ពី​ដើម​ឆ្នាំ​រហូត​ដល់​ចុង​ឆ្នាំ ពិធី​បុណ្យ​ប្រពៃណី​បរទេស ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រតិបត្តិ​តាម​ជា​បន្ត​បន្ទាប់។ នៅ​រៀង​រាល់​ចុង​ឆ្នាំ ក្រុម​ប្រជា​ពលរដ្ឋ​កម្ពុជា ជា​ពិសេស​ក្រុម​ក្មេងៗ និង​យុវវ័យ ត្រេក​អរ​ទៅ​ការ​ប្រារព្ធ​ពិធី​បុណ្យ​បែប​អឺរ៉ុប នោះ​គឺ​ពិធី​បុណ្យ​ណូអែល ឬ​គ្រីស្មាស់ មុន​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ​សកល​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​កម្ពុជា ក៏​ដូច​ជា​ប្រជាជន​នៅ​លើ​ពិភព​លោក​ផង​ដែរ ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​អធឹក​អធម ជា​ពិសេស​នៅ​ទីក្រុង​ភ្នំពេញ។

ផុត​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​សកល​មិន​ដល់​មួយ​ខែ​ផង បុណ្យ​ចូល​ឆ្នាំ​តាម​បែប​ប្រពៃ​ណី​ចិន ក៏​បាន​ចូល​មក​ដល់​ទៀត ហើយ​ពលរដ្ឋ​ខ្មែរ ក៏​បាន​រីក​រាយ​ត្រេក​អរ​ជាមួយ​ពិធី​បុណ្យ​នេះ​ផង​ដែរ។

បន្ទាប់​ពី​បុណ្យ​ចូល​ឆ្នាំ​ចិន​រំលង​ទៅ​មិន​ទាន់​បាន​ពីរ​សប្ដាហ៍​ស្រួល​បួល​ផង ក្រុម​យុវវ័យ​កម្ពុជា ឬ​ក៏​អាច​ថា​មាន​ក្រុម​មនុស្ស​វ័យ​ចំណាស់​មួយ​ចំនួន​ផង​ដែរ នឹង​កម្សាន្ត​សប្បាយ​ជាមួយ​ពិធី​បុណ្យ​បែប​អឺរ៉ុប​មួយ​ទៀត នោះ​គឺ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ឬ​ក្រុម​យុវវ័យ​ហៅ​ថា បុណ្យ​សង្សារ។

បើ​យើង​សង្កេត​មើល​ឲ្យ​មែន​ទែន​ទៅ ប្រជា​ពលរដ្ឋក​ម្ពុជា​ពិត​ជា​មមា​ញឹក​នឹង​ការ​ឈប់​សម្រាក ព្រម​ទាំង​ការ​ប្រារព្ធ​ពិធី​បុណ្យ​នានា បូក​រួម​ទាំង​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ធំៗ ដូចជា​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​បាំង​រយៈ​ពេល​ត្រឹម​តែ​ជាង ២​ខែ​ទៀត​ប៉ុណ្ណោះ និង​មួយ​ទៀត​គឺ​ពិធី​បុណ្យ​ភ្ជុំ​បិណ្យ។

ខណៈ​ដែល​ពលរដ្ឋ​កម្ពុជា​បាន​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​បរទេស​​ញឹក​ញាប់​បែប​នេះ វា​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​វប្បធម៌​បរទេស​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន និង​អវិជ្ជមាន​ដូចម្ដេច​ខ្លះ​ ទៅលើ​សង្គម​កម្ពុជា។

បើ​យើង​ពិនិត្យ​មើល​ឥទ្ធិពល​នៃ​វប្បធម៌​ចិន​មក​លើ​សង្គម​កម្ពុជា អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា បាន​ចង្អុល​ទៅ​រក​ដំណើរ​វវត្តន៍​នៃ​សង្គម​មនុស្ស​ចាប់​តាំង​ពី​អតីត​កាល​រាប់​ពាន់​មុន នៅ​ពេល​ដែល​ទំនាក់​ទំនង​នយោបាយ និង​ពាណិជ្ជកម្ម​បាន​ដុះ​ដាល​ឡើង​រវាង​ប្រទេស​មួយ និង​ប្រទេស​មួយ​ទៀត មិន​ថា នៅ​ជិត​ឬ​នៅ​ឆ្ងាយ​នោះ​ឡើយ។

សាស្ត្រា​ចារ្យ​ប្រវត្តិសាស្ត្រ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក វង់ សុធារ៉ា បាន​តាម​ដាន​ទៅ​លើ​ដាន​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់​ទំនង​កម្ពុជា-ចិន ចាប់​តាំង​ពី​មុន​សម័យ​អង្គរ ដោយ​លោក​អះ​អាង​ថា ទំនាក់​ទំនង​មួយ​នេះ បាន​ចាប់​ផ្ដើម​ឡើង​យ៉ាង​ហោច​ណាស់​នៅ​ឆ្នាំ​២៣០​នៃ​គ្រឹស្ត​សករាជ ពោល​គឺ​នៅ​សម័យ​នគរ​ភ្នំ។ សាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ​រូប​នេះ ឲ្យ​ដឹង​ថា ផ្អែក​​ភស្តុតាង​ប្រវត្តិសាស្ត្រ​ដូចជា​ចម្លាក់ អក្សរ​ចារឹក និង​កំណត់​ត្រា​នានា​របស់​ជន​ជាតិ​ចិន​កាល​ពី​បុរាណ វា​ស្ដែង​ឲ្យ​ឃើញ​ថា ទំនាក់​ទំនង​កម្ពុជា និង​ចិន បាន​បន្ត​រីក​ធំ​ឡើង​រហូត​ដល់​រាប់​រយ​ឆ្នាំ​ក្រោយ​មក​ទៀត។

បើ​និយាយ​ពី​ឥទ្ធិពល​វប្បធម៌​ចិន​មក​លើ​សង្គម​ខ្មែរ លោក វង់ សុធារ៉ា ជឿ​ជាក់​ថា វា​កើត​ឡើង​តាម​រយៈ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​របស់​ក្រុម​ឈ្មួញ​ចិន ដែល​បាន​ចុះ​សំពៅ​ធំៗ​មក​រក​ស៊ី​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​មាន​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។ ក្រៅពី​ដំណើរ​មកដល់​នៃ​ក្រុម​ឈ្មួញ​ចិន លោក វង់ សុធារ៉ា អះ​អាង​ថា ពលរដ្ឋ​ចំណាក​ស្រុក​ចិន បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​រាប់​រយ​ឆ្នាំ​ក្រោយ​មក​ទៀត ដោយសារ​ការ​ផ្លាស់​ប្ដូរ​របប​គ្រប់​គ្រង​នៅ​ក្នុង​ប្រទេស​ចិន​ជា​បន្ត​បន្ទាប់ រហូត​ដល់​សង្ក្រាម​ស៊ីវិល​ចិន​រវាង​ក្រុម​កុម្មុនីស្ត ដែល​គ្រប់​គ្រង​ចិន​ដី​គោក​នា​ពេល​បច្ចុប្បន្ន និង​ក្រុម​ចាញ់​សង្គ្រាម​រត់​នៅ​កសាង​រដ្ឋាភិបាល​នៅ​លើ​កោះ​តៃវ៉ាន់​នា​ពេល​សព្វ​ថ្ងៃ​នេះ។ ក្រុម​ជន​ជាតិ​​ចិន​ទាំង​នោះ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្ត្រី​ខ្មែរ និង​នៅ​តែ​ប្រតិបត្តិ​តាម​ទំនៀម​ទម្លាប់​របស់​ពួកគេ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

ខណៈ​ដែល​វប្បធម៌​​បរទេស​ មិន​ថា​វប្បធម៌​ចិន និង​អឺរ៉ុប​​គ្រប​ដណ្ដប់​លើ​សង្គម​ខ្មែរ ជាពិសេស​ទំនៀម​ទម្លាប់​នោះ ត្រូវបាន​ស្ដែង​ឲ្យ​ឃើញ​នៅ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន និង​ពិធី​បុណ្យ​ផ្សេងៗ​ទៀត សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​រូប​នេះ វា​ចាត់​ទុក​ជា​ការ​គំរាម​មួយ​ទៅ​លើ​អត្ត​សញ្ញាណ​នៃវប្បធម៌​ខ្មែរ​យើង។

លោក វង់ សុធារ៉ា៖ “ត្រង់​កន្លែងហ្នឹង​ គឺ​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ ប៉ុន្តែ វប្បធម៌​ក្នុង​លោក​នេះ គ្មាន​វប្បធម៌​ណា​ឋិតថេរ គង់​វង់​ដោយ​មិន​ប្រែប្រួល​នោះ​ឡើយ។ ជាតិ​ជា​វប្បធម៌​តែង​តែ​ប្រែ​ប្រួល​គ្រប់​ពេល​វេលា”។

សម្រាប់​សាស្ត្រា​ចារ្យ​ប្រវត្តិសាស្ត្រ​មួយ​រូប​ទៀត គឺ​លោក សំបូរ ម៉ាណ្ណារ៉ា មិន​ចាត់​ទុក​វប្បធម៌​ចិន ឬ​អឺរ៉ុប​ជា​ការ​គំរាម​គំហែង​ដល់​អត្ត​សញ្ញាណ​នៃ​វប្បធម៌​ខ្មែរ​នោះ​ឡើយ ប្រសិន​បើ​យុវជន​ខ្មែរ​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​មូលដ្ឋាន​គ្រឹះ​រឹង​មាំ​ស្ដី​ពី​វប្បធម៌​ជាតិ​របស់​ខ្លួន។ ផ្ទុយ​ទៅ​វិញ សាស្ត្រា​ចារ្យ​រូប​នេះ មើល​ឃើញ​ពី​សុខដុមនីយកម្ម​នៃ​វប្បធម៌​ចិន​​នៅ​ក្នុង​សង្គម​ខ្មែរ ខណៈ​ដែល​ប្រទេស​កម្ពុជា​ធានា​ដល់​សិទ្ធិ​សេរីភាព​នៃ​ជំនឿ និង​ទំនៀម​ទម្លាប់​របស់​បុគ្គល។ លោក​អះ​អាង​ថា វា​ប្រៀប​បាន​ទៅ​នឹង​ការ​ចូល​រួម​អបអរ​ទៅ​វិញ​ទៅ​មក​រវាង​ក្រុម​ជន​ជាតិ​មួយ និង​ក្រុម​ជន​ជាតិ​មួយ​ទៀត នៅ​ទូទាំង​ពិភព​លោក។

លោក សំបូរ ម៉ាណ្ណារ៉ា៖ “កាល​ណា​យើង​និយាយ​ពី​បញ្ហា​ប៉ះ​ពាល់ វា​សំដៅ​ទៅ​រក​ការ​បាត់​បង់ បាត់​បង់​ប្រពៃណី​វប្បធម៌​របស់​ខ្លួន​ឯង។ អីចឹង​តាម​ពិត​ទៅ ខ្ញុំ​ថា អត់​មាន​ប៉ះ​ពាល់​អី​ទេ នៅ​ពេល​ដែល​យើង​ទាំង​អស់​គ្នា​នាំ​គ្នា​ប្រឹង​ប្រែង ដើម្បី​ផ្ដល់​ឲ្យ​ប្អូនៗ​បាន​យល់​ដឹង គ្រប់​សាលារៀន​បង្ហាញ​ប្រាប់​ស្អី​ទៅ​ចិន ស្អី​ទៅ​យួន ស្អី​ទៅ​អាមេរិកាំង បារាំង​អស់​ទៅ រួច​ឲ្យ​ដឹង​ខ្មែរ។ ដល់​យើង​ដឹង​ខ្មែរ​ច្បាស់​ទៅ យើង​ស្គាល់​ហើយ”។

ដោយ​ផ្អែក​ទៅ​តាម​គោលការណ៍​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​បាន​ចែង​ជា​សកល​នោះ អ្នក​សិក្សា​ស្រាវ​ជ្រាវ​បញ្ហា​សង្គម លោក​បណ្ឌិត មាស នី អះ​អាង​ថា វា​មិន​ទាស់​ខុស​អ្វី​នោះ​ឡើយ​​នៅ​ពេល​ប្រជា​ពលរដ្ឋ​ខ្មែរ​ខ្សែ​ស្រឡាយ​ចិន ឬ​ហៅ​ថា កាត់​ចិន ប្រតិបត្តិ​តាម​ប្រពៃណី​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ប៉ុន្តែ អ្នក​ស្រាវ​ជ្រាវ​រូប​នេះ បាន​ក្រើន​រំលឹក​អំពី​បញ្ហា​សង្គម​ និង​សុវត្ថិភាព ដែល​កើត​ចេញ​ពី​ភាព​សប្បាយ​រីក​រាយ​នៅ​អំឡុង​ពិធី​បុណ្យ​នានា មិន​ថា​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ឬ​ចូល​ឆ្នាំ​សកល​នោះ​ឡើយ។

លោក​បណ្ឌិត មាស នី៖ “ចំពោះ​ផល​អវិជ្ជមាន ​គឺ​ការ​ផឹក​ស៊ី​ជ្រុល​ហួស​ហេតុ​ពេក​ទៅ​ធ្វើ​ឲ្យ​ជ្រុល​មាន​បញ្ហា​សង្គម​ផ្សេងៗ ឈ្លោះ​ទាស់​ទែង​គ្នា ហើយ​រាល់​ថ្ងៃ​នេះ គឺ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​តែង​តែ​កើន​ឡើង​មួយ​ជា​បីមួយ​ជាបួន​នៅ​ក្នុង​ឱកាស​មាន​បុណ្យធំៗ​អីចឹង​ម្ដងៗ។ មួយ​វិញ​ទៀត មិន​សូវ​គិត​ពី​ទ្រព្យ​ធន​របស់​ខ្លួន​ឯង​ប៉ុន្មាន​ទេ ច្រើន​តែ​ចង់​លោភ​ទៅ​តាម​គេ”។

ដោយ​ឡែក​សម្រាប់​អ្នក​តាម​ដាន​បញ្ហា​សង្គម​មួយ​ទៀត គឺ​លោក សន ជ័យ បាន​មើល​ឃើញ​ពី​ដំណើរ​សេដ្ឋកិច្ច​មាន​ដំណើរ​ការ​ទៅ​យ៉ាង​សកម្ម​នៅ​ក្នុង​សង្គម​កម្ពុជា នៅ​អំឡុង​ពិធី​បុណ្យ​ធំៗ មិន​ថា​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ ឬ​ក៏​បុណ្យ​បរទេស​នោះ​ឡើយ។

លោក​អះ​អាង​ថា សកម្មភាព​សេដ្ឋកិច្ច​ខាង​ផ្នែក​ផលិតកម្ម សេវាកម្ម​ទេសចរណ៍ និង​សេវាកម្ម​ដឹក​ជញ្ជូន សុទ្ធ​តែ​ទទួល​បាន​ផល​ពី​ឱកាស​ពិធី​បុណ្យ​ធំៗ​បែប​នេះ ខណៈ​ដែល​តម្លៃ​នៃ​សេវាកម្ម​នានា បាន​កើន​ឡើង​លើស​ពី​ថ្ងៃ​ធម្មតា។

ទោះជាយ៉ាងណា លោក​សង្កេត​ឃើញ​ពី​ភាព​អសកម្ម​នៃ​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋ ដូចជា​សាលា​រៀន និង​ស្ថាប័ន​ផ្ដល់​សេវា​សាធារណៈ​ដទៃ​ទៀត បាន​ប្រែ​ក្លាយ​ទៅ​ជា​ស្ងាត់​ជ្រលំ​ទៅ​វិញ​អំឡុង​ពេល​នោះ បើ​ទោះបី​ជា​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន មិន​មែន​ជា​ថ្ងៃ​ឈប់​សម្រាក​របស់​ជាតិ​ក៏​ដោយ៕

VOD
ដោយ លោក សូរ្យ ជ័យឧត្ដម​​

លិខិតមិត្តអ្នកអាន៖ ជួប សម្លាប់ គឺជាឈ្មោះដែលឃាតកដាក់ឱ្យ

អឿត អាង ហៅ ជួប សម្លាប់ កាលពីពេលកន្លងទៅ

ករណីឃាតកម្មលើលោក បណ្ឌិត កែម ឡី បង្កភាពតក់ស្លុតដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងពិភពលោក ជាពិសេសក្នុងចំណោមអ្នកស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌ ដែលអ្នកទាំងនោះទោះតិចឬច្រើនបានស្តាប់សំឡេងឬបានជួបរូបលោក បណ្ឌិត ដោយផ្ទាល់ហើយបានសសើរនូវភាពក្លាហានរបស់លោកបណ្ឌិត ដែលហ៊ាននិយាយរិះគន់ចំៗ ក្នុងរបបមួយដែលពោពេញទៅដោយគ្រោះថ្នាក់បំផុត។

កាលពីព្រឹកថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិត កែម ឡី សម្តីមាស បានកំពុងអង្គុយពិសាកាហ្វេនៅក្នុងស្តាម៉ាតនៃស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ នៅក្នុងរាជធានីភ្នំពេញ ទីដែលរូបលោកបណ្ឌិត ត្រូវបានឃាតករបាញ់ផ្តាច់ជីវិត មុនពេលគេចខ្លួន។​ ការស្លាប់របស់លោកបណ្ឌិត កែម ឡី បើហៅប្រជាពលរដ្ឋខ្មែរមួយលាននាក់មកសាកសួរពីការយល់ឃើញរបស់គេរៀងៗខ្លួនវិញ គេច្បាស់ជាបានចម្លើយមួយដូចៗគ្នានោះគឺ ពិតជាមិនមានអ្នកណាក្រៅពីក្រុមគ្រួសារបក្សពួកគូកនអ្នកដែលលោកបណ្ឌិត កែម ឡី តែងតែរិះគន់ និងបើកកកាយពីទង្វើ អាក្រក់កន្លងមកនោះឡើយ ហើយនេះមិនមែនជាលើកទីមួយទេ ដែលឃាតកម្មដូចគ្នានេះ កើតឡើងចំពោះអ្នកដែលហ៊ានរិះគន់គ្រួសារបំផ្លាញជាតិនោះ ដែលអ្នកទាំងនោះមានដូចជាលោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​​នៃ​​​ព្រះរាជាណាចក្រ​កម្ពុជា លោក​ ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ ដ៏ល្បីល្បាញ លោក រស់ សុវណ្ណារ៉េត​ និង​លោក ហ៊ី វុទ្ធី តំណាង​សហជីព​សេរីកម្មករ​នៅ​រោងចក្រ ព្រះសង្ឃ ព្រះធម្មវិបស្សនា សំ ប៊ុនធឿន សកម្មជនសង្ឃដ៏ល្បីល្បាញ និងលោក ឃឹម សម្បូរ ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក ជាដើម។

ឈ្មោះអ្នកតាំងខ្លួនថា ជាឃាតក គឺជាឈ្មោះដែលឃាតកដាក់ឱ្យ

ងាកមកពិចារណា និងតាមដានបុរសម្នាក់ដែលមើលទៅហាក់ដូចជាមានសតិមិនសូវគ្រប់ ឬមិនបានពិចារណាដិតដល់ពីផលវិបាកដែលនឹងទទួល​ ដែលបុរសស្ម័គ្រចិត្តស្លាប់ជំនួសគេដោយភាពល្ងង់ខ្លៅនេះ គេតាំងខ្លួនឯងថាជាអ្នកសម្លាប់លោក​ បណ្ឌិត កែម ឡី អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះនាទស្សវត្យរ៍២០១៦នេះ ស្តាប់ទៅឈ្មោះរបស់គេ “ជួប សម្លាប់”​​ (Meet Kill) ដែលឈ្មោះនេះ សូម្បីតែក្មេងអាយុ៦ឆ្នាំក៏គេមិនជឿដែរ កុំថាឡើយមនុស្សរាប់លាននាក់ដែលមានចំណេះដឹង បទពិសោធន៍ និងឆ្លងកាត់របបសង្គមជាច្រើនកន្លងមកនេះ ដែលអ្នកទាំងនោះកំពុងតាមដានដោយយកចិត្តទុកដាក់ពីស្ថានការណ៍នយោបាយដែលកំពុងកើតឡើងនៅក្នុងសង្គមកម្ពុជានាបច្ចុប្បន្ន ម៉្យាងវិញទៀតគ្មានឃើញចំណាបញ្ជាក់ណាមួយក្នុងប្រវត្តិសាស្ត្រខ្មែរកន្លងមកទេ ដែលខ្មែរយើងដាក់ឈ្មោះឱ្យកូនថា “ជួប សម្លាប់”​​ លើកលែងតែឈ្មោះ ទា បាញ់ ឬ បាញ់ ទា មួយគត់ ដែលឈ្មោះនេះ ប្រហែលជាមិនមែនជាឈ្មោះកំណើតពិត ដែលឪពុកម្តាយដាក់ឱ្យទៀតផងមើលទៅ? លើកលែងគាត់មិនមែនជាខ្មែរ។ អ្នកនៅពីក្រោយខ្នង ឬអ្នកនិពន្ធ និងអ្នករៀបផែនការសម្លាប់លោកបណ្ឌិត កែម ឡី មើលទៅហាក់បីដូចជាមើលរឿងចិន ហុងកុង ច្រើនពេកហើយ ដែលគេយកឈ្មោះ ជួប សម្លាប់ ​នេះមកដាក់ឱ្យបុរសវង្វេងទិស អឿត អាង នេះនៅក្នុងសាច់រឿងឃាតកម្មរៀបចំទុកដ៏ឃោរឃៅមកលើលោក បណ្ឌិត កែម ឡី នាពេលថ្មីៗកន្លងមកនេះ។​ ជួប សម្លាប់ តើវាអាចទៅរួចទេ ដែលបុរសម្នាក់នេះមានឈ្មោះនេះតាំងពីកំណើតមកនោះ? សូម្បីតែម្តាយបង្កើត និងប្រពន្ធរបស់បុរសម្នាក់នេះ និងអាជ្ញាធរនៅស្រុកកំណើតបុរសម្នាក់នេះ ក៏សុទ្ធតែបានអះអាងថាគាត់មានឈ្មោះ អឿត អាង ដែលមនុស្សភាគច្រើនក្នុងភូមិកំណើតរបស់គាត់ក៏ស្គាល់រូបគាត់ដែរ ប៉ុន្តែមិនមែនឈ្មោះ ជួប សម្លាប់ ដូចការអះអាងរបស់គាត់ និងប៉ូលិសស្អីនោះទេ។

អំពើឃាតកម្មលើរូបលោក បណ្ឌិត កែម ឡី អ្នកនៅពីក្រោយខ្នង ឬអ្នករៀបចំប្រហែលជាមិននឹកស្មានដល់ថា ជាលទ្ធផលបែជាធ្វើឱ្យពួកគេខកចិត្តទៅវិញនោះ គឺគ្មានអ្នកណាជឿលើការរៀបចំ ឆាកល្ខោន ប្រជាភិថុតិ ដោយគ្មានភាពឡូហ្សិក (Logical) ឬស៊ីសង្វាក់គ្នានោះឡើយ។ ផ្ទុយទៅវិញស៊ីណារីយូ (Scenario) ដែលគ្មានភាពឡូហ្សិក ឬ ជាស៊ីណារីយូ ដែលគេអាចហៅបានថា នោមបញ្ច្រាសខ្យល់ បង្កើតឱ្យឃើញកាន់តែច្បាស់ពីទង្វើរបស់អ្នកស្អប់ខ្ពើមយុត្តិធម៌ និងសេរីភាព មួយក្រុម ហើយដែលជាក្រុមមនុស្ស ដែលលោក បណ្ឌិត កែម ឡី តែងតែរិះគន់ និងបើកកកាយពីទង្វើក្បត់ជាតិ បំផ្លាញជាតិ និងសកម្មភាពអវិជ្ជាដ៏មានគ្រោះថ្នាក់ដល់ជាតិទាំងឡាយដែលពួកគេបាននិងកំពុងសាងនាបច្ចុប្បន្ននិងទៅអនាគត។

គេចាំបានថា កាលពីឆ្នាំ២០០៤ លោក ជា វិជ្ជា ប្រធានសហជិពសេរីកម្មករដ៏ល្បីល្បាញត្រូវឃាតករបាញ់សម្លាប់រូបលោកទាំងកណ្តាលថ្ងៃនាកណ្តាលក្រុងភ្នំពេញ ខណៈលោកកំពុងអានព័ត៌មាននៅមុខតូបលក់កាសែតមួយនៅជិតវត្តលង្កា ដែលមានចម្ងាយប្រហែលប៉ុន្មានម៉ែត្រប៉ុណ្ណោះពីផ្ទះរបស់លោក ហ៊ុន សែន។ កាលនោះអ្នកនៅពីក្រោយខ្នងនៃការសម្លាប់រូបលោក ជា វិជ្ជា បានរៀបចំឱ្យចាប់បុរសអភ័ព្វពីររូបគឺលោក ប៊ន សំណាង និង លោក សុខ សំអឿន ឱ្យទទួលខុសត្រូវយ៉ាងអយុត្តិធម៌បំផុតក្នុងអំពើឃាតកម្មនោះ ក៏ប៉ុន្តែខុសពីបុរសដែលហៅខ្លួនឯងថា ជួប សម្លាប់ ស្អីគេនោះ ដែលកាលនោះលោកទាំងពីរបានបដិសេធយ៉ាងដាច់អហង្ការក្នុងទង្វើណាមួយជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មលើរូបលោក ជា វិជ្ជា។ ទោះជាយ៉ាងណា ក្រោយមកលោកទាំងពីរត្រូវបានតុលាការកាត់ទោសដោយភាពអយុត្តិធម៌ ឱ្យលោកទាំងពីរជាប់ពន្ធនាគារជាច្រើនឆ្នាំដែលជាលទ្ធផលជីវិតអ្នកទាំងពីរស្ទើរវង្វេងស្មារតីដោយអំពើអយុតិ្តធម៌ទាំងនោះ មុនពេលតុលាការដោះលែងអ្នកទាំងពីរវិញប៉ុន្មានឆ្នាំក្រោយមក នៅក្រោយពេលដែលតុលាការមិនបានរកឃើញទោសកំហុសអ្វីសោះសម្រាប់ពួកគាត់ទាំងពីរនាក់នោះ។ លោក ឈុត វុទ្ធី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់យ៉ាងឃោរឃៅ ខណៈរូបលោក និងអ្នកសារព័ត៌មានបរទេសផ្សេងទៀតកំពុងធ្វើសកម្មភាពយកព័ត៌មានស្តីពីការលួចកាប់បំផ្លាញព្រៃឈើនៅ ខេត្តកោះកុង កាលឆ្នាំ២០១២ ដែលគេនៅចាំបានថាកាលនោះអ្នកនៅពីក្រោយខ្នងនៃការសម្លាប់នោះ ក៏បានរៀបចំទម្លាក់កំហុសទៅមន្ត្រីប៉េអឹមម្នាក់ ដែលបានស្លាប់កាលនោះ ឱ្យទទួលខុសត្រូវដែរ ដែលធ្វើឱ្យគ្រួសារមន្ត្រីរូបនោះទទួលទ្វេគ្រោះ ដោយបានបាត់បង់ជីវិតសមាជិកគ្រួសារ និងមួយវិញទៀតត្រូវបានគេមួលបង្កាច់ដោយអយុត្តិធម៌បំផុត។

ស៊ីណារីយូ (Scenario) ដែលអ្នកតាំងខ្លួនឯងថា ជាឃាតកសម្លាប់ លោក បណ្ឌិត កែម ឡី រត់គេចខ្លួន

ក្រោយការបាញ់ប្រហារលើលោកបណ្ឌិត កែម ឡី ហើយភ្លាមៗនោះមន្ត្រីប៉ូលិសរាជធានីភ្នំពេញ បានអះអាងថា ក្រោយសម្លាប់ លោកបណ្ឌិត កែម ឡី ឈ្មោះ ជួប សម្លាប់ បានព្យាយាមរត់គេចខ្លួនតាមបណ្តោយផ្លូវម៉ៅសេទុង ឆ្លងកាត់ស្តុបចំការមន (ផ្លូវ ម៉ៅសេទុង នរោត្តម និងសុធារស) ហើយបន្តដំណើរឆ្ពោះទៅទិសខាងផ្សារអេអន និងវត្តស្វាយពពែតាមបណ្តោយផ្លូវសុធារសដែលមានអ្នកធ្វើដំណើររាប់រយ រាប់ពាន់នាក់ ចាប់តាំងពីចំណុចស្ថានីយ៍សាំងកាល់តិចបូកគោ ជាពិសេសមុខហាងកាហ្វេប្រោន ស្តុបផ្លូវត្រសក់ផ្ស និងមន្ត្រីប៉ូលិសប្រចាំការនៅទីនោះយ៉ាងច្រើនទៅវិញ?។ដោាងនាបច្ចុប្បន្ននិងទៅអនាគត។ ្អែម (រវាងផ្លូវម៉ៅសេទុង និងផ្លូវត្រសក់ផ្អែម) មុនពេលទៅដល់ស្តុបចំការមននាផ្លូវនរោត្តម។ បើមើលពីភូមិសាស្ត្រនៅម្តុំខណ្ឌចំការមន ប្លុកបឹងកេងកង ក្រោយការបាញ់ប្រហារលើរូបលោក បណ្ឌិត កែម ឡី ហើយភ្លាម គេឆ្ងល់ថាហេតុអ្វី ជួប សម្លាប់ មិនរត់ចូលទៅម្តុំប្លុកបឹងកេងកង ជាពិសេសផ្សារបឹងកេងកង? ដើម្បីងាយសួ្រលរកទីសុវត្ថិភាពសម្រាប់ដើម្បីលាក់ខ្លួន? ចុះហេតុអីគេត្រូវរត់ត្រង់តាមបណ្តោយផ្លូវម៉ៅសេទុង និងផ្លូវសុធារស ដែលត្រូវឆ្លងកាត់ភ្លើងស្តុបចំនួនដល់ទៅពីរ​ ដែលមានមនុស្ស និងមន្ត្រីប៉ូលិសប្រចាំការនៅទីនោះយ៉ាងច្រើនទៅវិញ? តាមរយៈខ្លិបវីដេអូដែលត្រូវបានគេផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសបុកកាលពីថ្ងៃទី៣០​ខែកក្តដានេះ បង្ហាញឱ្យឃើញការសង្ស័យថា បុរសដែលហៅខ្លួនឯងថា ជួប សម្លាប់ អាចត្រូវបានគេរៀបចំឱ្យរត់ចេញពីទីតាំងនៅម្តុំមុខផ្សារអេអន ដោយរត់តាមបណ្តោយផ្លូវសុធារសឆ្ពោះទៅមុខវត្តស្វាយពពែ ហើយដែលនៅក្នុងរូបភាពវិដេអូនោះបង្ហាញឱ្យនូវការបន្ទិលជាច្រើន ដូចជា ហេតុអ្វីមានអ្នកជិះម៉ូតូមួយគ្រឿងបានជិះទៅក្បែរបុរស ជួប សម្លាប់ ដែលកំពុងរត់នោះ? ហេតុអ្វីមន្ត្រីប៉ូលិសនោះមិនខ្លាច ជួប សម្លាប់ បាញ់ប្រហារ ព្រោះគេមានអាវុធក្នុងដៃ? ហេតុអ្វីបានមន្ត្រីប៉ូលិសនោះផ្តល់ឱកាសឱ្យបុរសនោះជិះម៉ូតូជាមួយគាត់ទៅវិញ? (ឬមួយនោះជារបៀបប៉ូលិសស្រុកខ្មែររបស់លោក ហ៊ុន សែន ចាប់ឃាតករកាន់អាវុធក្នុងដៃ?) ហេតុអ្វីបានជា ជួប សម្លាប់ ចុះចេញពីម៉ូតូវិញ? ហើយរត់បានប៉ុន្មានម៉ែត្រ ទៅមុខស្រាប់តែរូបគេឱនដាក់អាវុធចុះផ្ទាល់នឹងដីថ្មមៗ? ដោយមើលទៅហាក់បីដូចជារូបគេខ្លាចកាំភ្លើងខ្លីរបស់គេបែកបាក់ប្រសិនបើគេបោះទៅនឹងដី? ចំណុចមន្ទិលមួយទៀតនោះ មានអ្នកស្រែកថាកាំភ្លើងខ្លីរបស់គេជាកាំភ្លើងជ័រ? និងជាពិសេសស្រែកថា គាត់ជាអ្នកសម្លាប់ លោក បណ្ឌិត កែម ឡី ឬមួយគាត់ជាអ្នកត្រូវបានគេរៀបចំឱ្យស្រែក? ខណៈក្រោយពេលបាញ់លោកបណ្ឌិត កែម ឡី តែប៉ុន្មាននាទី ប៉ុណ្ណោះ ដែលពេលនោះអ្នកធ្វើដំណើរនៅម្តុំវត្តស្វាយពពែដែលនៅឆ្ងាយពីទីកើតហេតុ ប្រមាណជា២គ.ម ប្រហែជាមិនទាន់ទទួលបានព័ត៌មានបានលឿងស្តីពីការបាញ់ប្រហារនោះទេ?

ភាពមិនប្រក្រតីទាំងនោះ នៅតែជាសំណួរពីសាធារណៈជន យ៉ាងណាម៉ិញកាមេរ៉ាសុវត្ថិភាព (CCTV) ជាច្រើនគ្រឿងរាប់ទាំងពីនៅខាងក្រៅស្តាម៉ាត និងក្នុងស្តាម៉ាតដែលសាធារណៈជន និងសមាជិកក្រុមគ្រួសារជនរងគ្រោះ ចង់ឱ្យប៉ូលិសបង្ហាញជាសាធារណៈនោះ ត្រូវបាននិងកំពុងបិតបាំងទៅវិញ ដែលការនេះធ្វើឲ្យសាធារណៈជន និងក្រុមគ្រួសារជនរងគ្រោះកាន់តែមានមន្ទិលកាត់តែខ្លាំងឡើងៗ ផ្ទុយទៅវិញរដ្ឋាភិបាលនឹងចាត់វិធានការភ្លាមៗទៅលើអ្នកដែលហ៊ានបញ្ចេញមតិសង្ស័យប៉ះពាល់ទៅលើរដ្ឋាភិបាល ឬសមាជិកក្រុមគ្រួសាររបស់ខ្លួន។

ការស្លាប់របស់បណ្ឌិត កែម ឡី គឺមានរយៈពេលជាងប្រាំមួយខែមកហើយមកដល់ពេលនេះ តែពន្លឺយុត្តិធម៌សម្រាប់រូបលោកបណ្ឌិត និងក្រុមគ្រួសារនៅតែស្ថិតនៅសែនឆ្ងាយនៅឡើយ ហើយក៏មិនគិតថានិងមានយុត្តិធម៌ដែរនៅក្នុងសង្គមមួយនេះ។ ប៉ុន្តែទោះបីជាយ៉ាងណា យើងទាំងគ្នាមិនត្រូវអស់សង្ឃឹមឡើយ ដើម្បីតបស្នងនូវវីរភាពដ៏ក្លាហានរបស់លោកបណ្ឌិត កែម ឡី ដើម្បីយុត្តិធម៌ សង្គមជាតិ យើងទាំងអស់គ្នាដែលមានឈាមជ័រជាខ្មែរត្រូវហ៊ានក្រោកឈរ ហើយតតាំង រកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី និងសកម្មជនដទៃទៀតដែលបានបូជា ជីវិតដើម្បីសង្គមជាតិកន្លងមក៕

អ៊ំ សារី

VOD
ដោយ VOD Admin​​

តើ​ព្រះពុទ្ធ​ទូន្មាន​មនុស្ស ឲ្យ​ប្រកាន់​ឥរិយាបថ​ដូចម្តេច នៅ​ទីសាធារណៈ​? ​



ភ្នំពេញ​៖ ទីសាធារណៈ គឺជា​កន្លែង​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស​គ្រប់រូប​។ ដូច្នេះ យើង​ត្រូវ​ប្រកាន់​ឥរិយាបថ​ថ្លៃថ្នូរ​ជានិច្ច ប្រកបដោយ​ស្មារតី​ស្រឡាញ់ ថែរក្សា​ការពារ ក្នុង​លក្ខណៈ​ខ្លួន​ជា​ម្ចាស់​ពិតៗ​។

១) ខាកស្តោះ និង​កណ្តាស់​៖ ទឹកមាត់ កំហាក សំបោរ កាលណា​ចេញពី​ខ្លួន​យើង​ហើយ គេ​ខ្ពើមរអើម​ណាស់​។ ហេតុនេះ យើង​គ្រប់គ្នា​ត្រូវមាន​របៀប​ក្នុងការ​ខាកស្តោះ និង​កណ្តាស់​។ ពេលធ្វើ​ដំណើរ ពេល​បរិភោគ ក្នុង​បន្ទប់រៀន សាលប្រជុំ​…​បើ​ខាកស្តោះ ឬ​កណ្តាស់ គប្បី​ប្រើ​បន្ទប់​អានា​ម័​យ កូនកន្សែង ឬ ទី​ឆ្ងាយ​ពី​គេឯង​។

២) ក្នុង​វត្ត​អារាម​៖ វត្ត​ជាទីគោរព​សក្ការ កសាង​កុសលផល​បុណ្យ និង​អប់រំ​កូនចៅ​។ ចូល​ទីវ​ត្ត​អារាម ត្រូវធ្វើ​អាកប្បកិរិយា​សុភាពរាបសារ ទន់ភ្លន់ ថ្លៃថ្នូរ ស្លៀកពាក់​ស្អាតបាត មិន​ឆើតឆាយ ហើយ​ចេះ​ថែរក្សា​សម្បត្តិ​របស់​វត្ត គោរព​ប្រណិប័តន៍​ព្រះសង្ឃ និង​ព្រះ​ពុទ្ធរូប​។ នៅ​ទី​សក្ការ​នៃ​សាសនា​ដទៃ ក៏ត្រូវ​ចេះ​សម្រប​ឥរិយាបថ​សម​សួ​ម​ផងដែរ​។

៣) រថយន្តឈ្នួល​៖ ការធ្វើដំណើរ​តាម​រថយន្តឈ្នួល មាន​មនុស្សម្នា​ជាច្រើន ដោយ​ក្នុងនោះ មាន​ចាស់ ក្មេង ប្រុស ស្រី ស្ត្រី​មាន​ផ្ទៃពោះ ចាស់ជរា កុមារ ជនពិការ​។ យើង​ត្រូវមាន​ភាព​អធ្យាស្រ័យ សម្រួល ឬ​ផ្ទេរ​កន្លែង​អង្គុយ​ជូន​គាត់ ដោយ​ទឹកមុខ​ញញឹម​តាម​ភាពជាក់ស្តែង​។ យើង​ត្រូវគោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក​។

៤) នៅតាម​រោង​ទស្សនីយភាព​៖ នៅ​រោង​មហោស្រព ទស្សនិកជន ត្រូវគោរព​ពេលវេលា​ឲ្យ​បាន​ត្រឹមត្រូវ​។ នៅ​ទីនោះ ត្រូវធ្វើ​ឥរិយាបថ​ថ្លៃថ្នូរ​ជៀសវាង​ធ្វើ​អ្វីដែល​ប៉ះពាល់​ដល់​សិទ្ធិ និង​សុខភាព​អ្នកដទៃ​។ ទស្សនិកជន ត្រូវ​យល់ថា សិល្បករ ជា​ពលរដ្ឋ​ថ្លៃថ្នូរ និង​តំណាង​សិល្បៈ និង​វប្បធម៌​ជាតិ​។

៥) ការសរសេរ​សំបុត្រ​៖ គេ​ប្រើ​សំបុត្រ សម្រាប់​ផ្តល់ព័ត៌មាន ឬ​ទាក់ទង​គ្នា​ទៅវិញទៅមក​។ ដូច្នេះ យើង​ត្រូវ​ប្រើ​ក្រដាស់​ស​ស្អាត សរសេរ​ផ្ចិតផ្ចង់ ដោយមាន​របៀប ហើយ​ជៀសវាង​ប្រើ​ពណ៌​ក្រហម​។ ដោយឡែក ស្រោមសំបុត្រ នៅ​ខាង​ខ្នង ត្រូវ​ធ្វើតាម​បែបបទ មាន​អាសយដ្ឋាន​ច្បាស់លាស់ និង​ត្រឹមត្រូវ​។

ប្រភព​៖«​សីលធម៌​ព្រះពុទ្ធសាសនា​» រៀបរៀង​ដោយ ភិក្ខុ គូ សុភាព

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

​វិភាគ៖ តើកំណែទម្រង់​អំពើពុក​រលួយ​នៅ​កម្ពុជាមានប្រសិទ្ធភាពកម្រិតណា?





បន្ទាប់ពីបាត់បង់អសនៈចំនួន២២ក្នុងរដ្ឋសភា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រកាសធ្វើកំណែទម្រង់វិស័យមួយចំនួន ក្នុងនោះការប្រឆាំងអំពើពុករលួយក៏ជាអទិភាពមួយ​ដែល​គណ​បក្សកាន់អំណាចចាស់វស្សានេះដាក់ក្នុងផែនការរបស់ខ្លួនផងដែរ។

ក្នុងប្រតិបត្តិការប្រឆាំងអំពើពុករលួយដែលធ្វើឲ្យមានការចាប់អារម្មណ៍ក្រោយពីប្រកាសធ្វើ​កំណែទម្រង់នោះ អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនលោក អាំង មាលតី ដែលជាប្រធានសាលាដំបូង​រាជធានីភ្នំពេញ និងក្រឡាបញ្ជីតុលាការកំពូលម្នាក់ និងការចាប់ខ្លួន លោក ស៊ុត ឌីណា ដែលជាឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ដោយចោទថាពាក់ព័ន្ធនឹងអំពើពុករលួយ។

មិនត្រឹមតែប៉ុណ្ណោះអង្គភាពប្រឆាំងអំពើពុករលួយ បានប្រើដាវអាជ្ញាសឹករបស់​ខ្លួន ទៅលើ​មន្រ្តីសិទ្ធិ​ម​នុស្សសមាគមអាដហុក៤រូបនិង​អគ្គលេខាធិការរងគជប លោក នី ចរិយា ដោយចោទថា សូកប៉ាន់សាក្សី និង​សមគំនិតសូកប៉ាន់សាក្សីក្នុងទំហំទឹកប្រាក់ប្រហែលពីរបីរយដុល្លារ។ប៉ុន្តែមជ្ឈដ្ឋានជាច្រើន​យល់ថា ចំណាត់ការប្រឆាំងនឹងមន្រ្តីសិទ្ធិមនុស្សទាំងនេះគឺជារឿងនយោបាយ ដោយថា​ទឹក​ប្រាក់នោះ គឺមិនមែនជាលុយរបស់ជាតិនោះទេ។

ដោយឡែក ចំពោះករណីបែកធ្លាយសារឆ្លងឆ្លើយ ដែលគេជឿថា ជាសាររបស់ ធី សុវណ្ណថា និង​លោក ហ៊ុន សែន ដោយ​​ក្នុងនោះ​មាននិយាយពីការ​ផ្តល់លុយ​ខ្ទង់មួយលានដុល្លារ ដើម្បីឲ្យ​បំបែកគណបក្សប្រឆាំងនោះ គឺអង្គភាពប្រឆាំងអំពើពុករលួយមិនមានចំណាត់ការស៊ើបអង្កេតនោះទេ។ផ្ទុយ​ទៅ​វិញ​ ទាំង លោក ហ៊ុន សែន និង​ធី សុវណ្ណថា បានប្តឹងទារជំងឺចិត្តពីលោក សម រង្ស៊ី ចំនួន១២៥០០០០(មួយលានម្ភៃប្រាំម៉ឺនដុល្លារ) ក្រោយពីមេបក្សប្រឆាំងយករឿងនេះទៅនិយាយជាសាធារណៈ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី លើកឡើងថា ចំណាត់ការប្រឆាំង អំពើពុករលួយនៅកម្ពុជា ធ្វើឡើងដោយគ្មានសមធម៌ ដោយថាវិធានការប្រឆាំងអំពើពុករលួយត្រូវបានអ្នកនយោបាយយកមកធ្វើជាឧបករណ៍ផ្តួល​គូរប្រកួត។ លោកបន្តថា៖ «គឺទីមួយទាក់ទងនឹងករណីលោក កឹម សុខា ដែលយើងឃើញមកដល់ថ្ងៃនេះ មន្ត្រីសិទ្ធិមនុស្សនៅទាំងអស់ដែលត្រូវនៅជាប់ឃុំហ្នឹង គឺដោយសារតែលុយប្រមាណពីរបីរយដុល្លារតែប៉ុណ្ណឹងទេ ប៉ុន្តែដល់ករណីដែលបូមខ្សាច់ដែលត្រូវសង្ស័យថាបាត់លុយរាប់រយលានដុល្លារ ហើយនិងករណីដែលមានធ្លាយរឿងវីដេអូក្រោយថ្មីៗរវាង ធី សុវណ្ណថា និង សម្តេចនាយកអីនេះ យើងឃើញថា ក្រុមប្រឆាំងអំពើពុករលួយមិនបានអើពើក្នុងការស្រាវជ្រាវរឿងហ្នឹងទេ» ។

នៅក្នុងរបាយការណ៍​របស់​អង្គការ​តម្លាភាពអន្តរជាតិ​ បង្ហាញថា​ស្ថានភាព​អំពើ​ពុ​ក​រលួយ​នៅ​កម្ពុជា​​​សម្រាប់​​​ឆ្នាំ​២០១៦ គឺ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​អាក្រក់​ដដែល​ និង​ឈរ​ក្នុង​ចំណាត់​ថ្នាក់​ទាប​បំផុតក្នុង​​ចំណោម​ប្រទេស​ជា​សមា​ជិក​អាស៊ាន។

​របាយការណ៍ដែលចេញផ្សាយនៅ ​ថ្ងៃ​ទី​២៥ មករានេះ ​បាន​ឲ្យ​ដឹង​ថា​ស្ថា​នភាព​អំពើ​ពុក​រលួយ​របស់​ប្រទេស​កម្ពុជា​នៅឆ្នាំ២០១៦ជាប់​​ជាប់​ចំណាត់​ថ្នាក់​លេខ១៥៦ ក្នុង​ចំណោម​១៧៦​ប្រទេស​នៅ​ទូ​ទាំង​​ពិភព​​លោក ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទាប​បំផុត​ទី​៣​នៅ​អាស៊ី​ប៉ាស៊ី​ហ្វិក និង​ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​​ក្រោម​គេ​នៅ​ក្នុង​តំបន់​អាស៊ាន។

នាយក​ប្រតិ​បត្តិ​អង្គការ​តម្លាភាពកម្ពុជា​លោក ព្រាប កុល មាន​ប្រសាសន៍​ថា ឆ្នាំ​២០១៦​នេះ​កម្ពុជា​​បាន​ពិន្ទុ២១ ដែលបាន​​បង្ហាញ​ថា​កម្ពុជា​នៅ​តែ​ជា​ប្រទេស​​មួយ​ដែល​មាន​ស្ថានភាព​អំពើ​ពុក​រលួយនៅ​តែ​អាក្រក់​នៅ​ឡើយ ខណៈដែល​ប្រទេស​ភូមា​ដែល​​ជា​​ប្រទេស​មួយ​មាន​ធ្លាប់​មា​ន​ចំណាត់​ថ្នាក់​ស្មើ​រកម្ពុជា​នៅ​ឆ្នាំ​២០​១៤​ ហើយបាន​ហក់​ឡើង​លេខ​១៣៦​នៅ​ពី​លើ​​កម្ពុជា​តាំងពី​ឆ្នាំ​២០១៥​។

អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជាលោក សុខ ឥសាន មិនទទួលស្គាល់​របាយ​ការ​ណ៍​​នេះ​​ទេដោយ​ថារបាយការណ៍​នេះ​វា​ខុស​ពី​អ្វី​ជា​ក់​ស្តែ​ង​ដែល​​រដ្ឋាភិបាលកម្ពុជា​កំពុងព្យាយាម​​ធ្វើ​។

អង្គការតម្លាភាពធ្លាប់ធ្វើការសិក្សាឃើញថា ស្ថាប័នដែលរងការរិះគន់ខ្លាំងពីអំពើពុករលួយ​ច្រើន​​នោះ គឺ​តុលាការ និងបន្ទាប់មក គឺស្ថាប័ននគរបាល។ អង្គភាពប្រឆាំងអំពើ​ពុករលួយក៏ធ្លាប់​លើក​ឡើងថា ស្ថាប័ន​នគរបាល​មានអំពើពុករលួយផងដែរប៉ុន្តែក្រោយមកបានសុំទោសវិញ បន្ទាប់ពីមានប្រតិកម្មពីក្រសួង​មហាផ្ទៃ។

លោក ​ព្រាប កុល កត់សំគាល់ថា អំពើពុករលួយនៅក្នុងជួរនគរបាល និងការបម្រើសេវាសាធារណៈត្រូវ​បាន​កាត់​បន្ថយ។លោកថា«២១ពិន្ទុនេះឆ្លុះបញ្ចាំងថា ក្នុងការយល់ឃើញរបស់អ្នក​បច្ចេកទេស របស់អ្នកធ្វើ​អាជីវកម្មឬក៏​យោង​តាម​ទិន្នន័យសិក្សាស្រាវជ្រាវចំនួន៨ប្រភពដែលបានបង្ហាញជូននេះគឺកម្ពុជាមិនទាន់​មានការរ​ប្រែ​ប្រួល​ទៅ​លើការយល់​ឃើញរបស់គាត់ទេ។ប៉ុន្តែមានការប្រសើរ​ឡើង​ក្នុង​វិស័យ​ខ្លះៗ។ ការប្រមូលពន្ធកើន​ឡើង​ជិត​២០% ។​ការ​ផ្តល់​សេវាតូចៗ អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ អំពើ​ពុករលួយ​ក្នុង​វិស័យប៉ូលីស​ចរាចរណ៏ មានភាពល្អប្រសើរដែរ»។

ទោះជាបែបនេះក្តី លោក ​ព្រាប កុល បន្ត​ថាបញ្ហា​ជា​ច្រើន​ដូច​ជា ​ភាពមិនឯក​រាជ្យ​ពីគ្នា​នៃ​អំណាច​ទាំង​បី គឺអំណាចតុលាការ នីតិបញ្ញត្តិ និង​នីតិប្រតិបត្តិ រួមទាំងបញ្ហា​បក្ស​ពួក​និយម​​ ​បាន​ទាញ​ឲ្យកម្ពុជាស្ថិត​ក្នុង​ស្ថានភាព​អាក្រក់នៃអំពើពុករលួយ​បែបនេះ។ លោកមានប្រសាសន៍ថា «គេចង់ឃើញគំនិតផ្លាស់ប្តូរធំៗដូចជាឯករាជ្យភាពនៃប្រព័ន្ធយុត្តិធម៌ ឯករាជ្យភាពនៃស្ថាប័នជាតិសំខាន់​ៗដែលដឹកនាំការប្រឆាំងអំពើពុករលួយ។​ច្បាប់​សំខាន់ៗដែល​គន្លឹះដែល​ត្រូវការ… ច្បាប់ការពារអ្នករាយការណ៏ ហើយ​នឹងបញ្ហាគ្រួសារ បក្សពួក សាច់ញ្ញាតនិយម ដែល​មាន​ទំនាស់​ផលប្រយោជន៍​ក្នុង​ហ្នឹង»។

លោក មាស នី បន្ថែមថា អំពើពុករលួយនៅកម្ពុជាគឺជាប្រព័ន្ធ ដែលជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាចធំៗ។ លោករំលឹកពីប្រវត្តិនៃការប្រឆាំងអំពើពុករលួយកាលពី៧០ឆ្នាំមុនថា«នៅប្រទេសខ្មែរយើងកាលពីឆ្នាំ ១៩៤៧ មានការរៀបចំឲ្យមានក្រុមប្រឆាំងអំពើពុករលួយម្តងដែរ ដែលកាលណោះ ព្រះអង្គម្ចាស់ យុទ្ធិវង្ស បានត្រូវគេប្រគល់តួនាទីហ្នឹងឲ្យ ក៏ប៉ុន្តែនៅពេលនោះព្រះអង្គម្ចាស់ក៏ធ្វើការអីអត់កើតដែរ ចាប់បានតែក្រុមកូនក្អាត់ រី​ឯថានៈមន្ត្រីធំធ្វើអីគេអត់កើត ក៏សំរេចចិត្តលាលែងពីតំណែង» ។

កាលពី​ឆ្នាំ២០១៥​កន្លងទៅ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី១៥០ ក្នុងចំណោម១៦៨ ប្រទេស។ចំណែក​ឯ​របាយការណ៍ឆ្នាំ​២០១៦​នេះ ប្រទេស​មី​យ៉ានម៉ា​ដែល​ធ្លាប់​ជា​ប្រទេស​ធ្លាប់​មាន​ចំណាត់​ថ្នាក់​​ស្មើ​នឹង​កម្ពុជានោះ​បាន​ហក់​ឡើង​លើ​កម្ពុជា៦​ពិន្ទុ​ ដែល​បាន​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ក្រោមគេ​តែ​ឯង​នៅ​តំបន់​អាស៊ាន។

​ប្រទេស​បី​ដែ​ល​ជាជាប់​លំដាប់​លើ​គេ​​នៅ​ឆ្នាំ​២០១៦នេះ​មាន ដាណឺ​ម៉ាក ប្រទេសញ៉ូហ្សេលែន និង​ហ្វាំង​ឡង់ ខណៈដែល​ប្រទេស​៣​ដែល​ស្ថិត​នៅ​ក្រោម​គេមា​ន​ប្រទេស​កូរ៉េខាង​ជើង ស៊ូដង់ និង​ប្រទេស​ស៊ូម៉ា​លី៕

VOD
ដោយ លោក អុឹង ប៊ុនថន​​

វិភាគ៖ មានកត្តាអ្វីបានលោក ហ៊ុន សែន រំឭកពាក្យសន្តិភាពញឹកញាប់នៅពេលជិតបោះឆ្នោត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីជួបជុំអ្នកសារព័ត៌មានកាលពីថ្ងៃទី១៤មករា (រូបថតហ្វេសប៊ុកនាយករដ្ឋមន្ត្រី)



បើទោះបីជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ មិនទាន់ចូលមកដល់ក៏ពិតមែន ក៏ប៉ុ​ន្តែ​​គ​ណប​ក្សន​យោ​​​​បា​យដែលមានអសនៈក្នុងសភា ពេលនេះហាក់បានបង្ហាញពីភាពខ្លាំងតែរៀងៗខ្លួន ពីការ​ដ​ណ្តើម​ជ័​យ​​ជ​​ម្នះ យកតំណែងជានាយករដ្ឋមន្ត្រី ក្រោយកា​របោះឆ្នោតខាងមុខ។

ការបង្ហាញសាច់ដុំដាក់គ្នា ស្របពេលដែលស្ថាប័នកំពូលមួយចំនួន ដូច​ជា​រដ្ឋ​ស​ភា តុលាការ និងកង​ម្លាំ​ង​ប្រ​ដាប់អាវុធ ជាដើម នៅមិនទាន់ផ្តល់ជំនឿថា ជាស្ថាប័នឯករាជនៅឡើយនោះ គេស​​ង្កេ​​តឃើ​ញ​ថា​​ស្ថានកា​រណ៍ន​យោ​បា​យ បានប្រែប្រួ​ល ​ទៅ​តាមអារម្មណ៍ របស់អ្នកនយោបា​យដែលមាន​ឥទ្ធិពល។

ស្ថិតក្នុងស្ថានការណ៍បែបនេះ សកម្មជនបក្សប្រឆាំងមួយចំនួន អ្នកការពារសិទ្ធិមនុស្ស និងស​កម្ម​ជន​ដីធ្លី ត្រូវ​បាន​ចាប់ឃុំខ្លួន ទាំងរងនូវការរិះគន់ថា ធ្វើឡើងដើម្បីបំពេញបំណងរបស់អ្នកនយោបាយ ដែលចង់​ផ្តួលដៃគូប្រកួត។

ក្រោយការបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាបា​នធ្លាក់អសនៈក្នុងសភាពី៩០​មកសល់​៦៨​អាស​នៈ​វិញ​​​ពោលគឺ២២អាសនៈធ្លាក់ទៅលើគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំង។

ខណៈបក្សប្រឆាំងកើនអសនៈនោះ សារគំរាមមួយចំនួនត្រូវបានធ្វើឡើង នៅលើកញ្ចក់ទូរទស្សន៍ និង​នៅ​តា​មបណ្តេ​ញសង្គម ដូចជាសារគំរាមសម្លាប់មេបក្សប្រឆាំងលោក កឹម សុខា ការលើកឡើងថា បើគណ​​ប​ក្ស​ប្រ​ជា​ជ​នកម្ពុជាចាញ់ឆ្នោត នឹងមានសង្គ្រាម កងទ័ពត្រូវការពារលោក ហ៊ុន សែន និងថារដ្ឋា​ភិ​បាល​នឹងប្រើក​ម្លាំ​ង​ប្រ​​ដា​ប់អាវុធ ដើម្បីការពារសន្តិភាព។

ជា​ងនេះទៅទៀត នាថ្ងៃទី២៤ខែមករានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានរំឭកសារ​នយោបាយឡើងវិញ ដោយសរសេរលើហ្វេសប៊ុករបស់លោកថា៖ «ដាច់ខាតកម្ពុ​ជា ​ត្រូវតែមា​នសន្តិភា​ពជានិ​ច្ចនិ​រន្ត៍​​!​​​»។

កា​​ររំឭកសារនយោបាយ របស់លោក ហ៊ុន សែន ពេលនេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយ​ពីលោ​ក ប្រកាស​ឈប់យកមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ធ្វើជាដៃគូសន្ទនា។

ប្រធានបទ សម្រាប់ធ្វើការវិភាគនៅថ្ងៃនេះ គឺចង់ដឹងថា ហេតុអ្វីបានជាលោក ហ៊ុន សែន រំឭក​សារស​ន្តិភាព​ម្តង​ហើយម្តងទៀត អំឡុងការបោះឆ្នោតជិតមកដល់?

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ការរំឭកពីសង្គ្រាម ឬសន្តិភាព អា​ច​មានឥទ្ធិពលតិចតួច ទៅលើម្ចាស់ឆ្នោត ដែលមានវ័យចំណាស់ ធ្លាប់ឆ្លងកាត់សង្គ្រាម ហែកហួរផ្ទៃក្នុង។

លោក ឯម សុវណ្ណារ៉ា បន្តថាលោកមិនបាន​ដឹងពីចក្ខុ​វិស័​យពិ​តប្រា​កដរបស់លោក ហ៊ុន សែន ទេ។ ​ប៉ុន្តែ​លោ​កវិភាគថា សាររំឭកពីសន្តិភាពនេះ​ អាចថាបក្សកាន់អំណាចចង់ ឲ្យម្ចាស់ឆ្នោត នឹងពីគុណ​បំណាច់ រប​ស់គណបក្សខ្លួន ដែលបានផ្តួលរលំរបបខ្មែរក្រហម រហូតឈា​នទៅពន្ល​ត់សង្គ្រាមស៊ី​វិលទាំង​ស្រុង​នៅក​ម្ពុជា ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

លោកវិភាគទៀតថា មេដឹកនាំបក្សកាន់អំណាចទំនងចង់បង្ហាញពីឥទ្ធិពលក​ម្លាំង​ប្រ​ដាប់​អាវុធ ដែលកន្លង​មកនេះ លោកថា អាចជួយការពារ គណ​ប​ក្ស​ប្រជាជនកម្ពុជា ឲ្យបន្តកាន់អំណាច រហូត​ដល់​​ពេលនេះ បើទោះបីជាគណបក្សនេះ ធ្លាប់​ចាញ់​ឆ្នោត​​​លើកដំបូងនៅ​ឆ្នាំ១៩៩៣ ក្រោមការរៀបចំ របស់អ​ង្គការ​សហ​ប្រ​ជាជាតិហៅថា(UNTA​C)ក៏ដោយ​។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា មួយវិញទៀត ការរំឭកសារដដែលៗ របស់រដ្ឋាភិបាលនេះ អាចជាកា​រព្រួ​យ​បារ​ម្ភនៃការ ហក់ឡើងប្រជាប្រិយភាព របស់គណបក្សប្រឆាំង ។ប៉ុន្តែលោកវិភាគថា ការរំពឹងទុក​នៃ​​ការ​​ចង់ឲ្យ​មាន​សន្តិភាពយូអង្វែង អាចនឹងបរាជ័យ បើបញ្ហាចាក់ស្រែះ របស់ពលរដ្ឋ រួម​ទាំងបញ្ហាអយុត្តិធ​ម៌​​​ក្នុ​ង​ស​ង្គម​ផង នៅ​តែ​បន្តកើតឡើង។

លោកថា៖ «មានការអីឲ្យ [ពលរដ្ឋ] ពឹងទៅលើប្រព័ន្ធច្បាប់ កុំពឹងទៅលើប្រព័ន្ធអំណាច ឬក៏យោធា និង​កង​កម្លាំងប្រដាប់អាវុធ ។នេះ​អាចធ្វើឲ្យប្រព័ន្ធយុត្តិធម៌នៅកម្ពុជា អាចមានសុក្រិតភាព ធ្វើឲ្យពលរដ្ឋ កម្ពុជាអាច​ទទួ​លយ​ក​បាន​។នៅពេលដែលពលរដ្ឋទទួលយកបានប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដូច្នេះ​សន្តិភាពផ្លូវចិត្ត ស​ន្តិភា​​ពផ្លូវ​​កាយ ភាពកង្វះខាតនៃអយុត្តិធម៌ក្នុងសង្គមវាអាចកាត់បន្ថយ»។

បើតាមលោក ឯម សុវណ្ណារ៉ា បើទោះបីជាលោក ហ៊ុន សែន អះអាងបែបនេះក៏ដោយ ប៉ុន្តែលោកថា សង្គ្រា​ម​ស៊ីវិ​លនៅកម្ពុជា នឹងមិនអាចកើតមានទេ ទោះក្នុងកា​លៈ​ទេសៈណាក៏ដោយ ដោយថា ការដ​ណ្តើ​ម​អាណាចនៅពេលនេះ ធ្វើឡើងតាមរយៈការបោះឆ្នោត។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី វិភាគថា សាររំឭ​ក របស់​លោក ហ៊ុន សែន ពីសន្តិភាព​នេះ អា​​​ចជាការបារម្ភទៅលើភាពមិ​ន​ច្បា​ស់​​​​លា​ស់ នៃការបន្តគ្រប់គ្រងតំណែងជា​នាយករដ្ឋ​មន្ត្រីទៅថ្ងៃអនាគត ដោ​យថា ក្រោ​​យការបោះឆ្នោតឆ្នាំ២០១៣គណប​ក្សនេះ​ បានបា​ត់បង់​អាស​នៈអស់​២២រួចទៅហើយ គួប​​ផ្សំ​នឹ​​ង​​កា​រធ្វើកំ​​ណែទ​ម្រង់ជិតពេ​ញមួយ​អាណ​ត្តិនេះទៀត មិនអាចបំបាត់ការរំ​លោភ​បំ​ពានដី​ធ្លី អំ​ពើពុករលួយ អយុ​ត្តិ​ធ​ម៌ស​ង្គម ភាពអ​​ត់កា​រងារធ្វើ និងបញ្ហាផ្សេងៗទៀត នៅតែ​បន្តកើត​មាន​ឡើងដដែល។

លោកថា៖ «ជាសារបង្ហាញពីការព្រួយបារម្ភរបស់លោក ដោយខ្លាចថាសង្គមនឹងវាឈានទៅរកបះបោ អីផ្សេងៗ។ជាអារម្មណ៍ របស់ខ្ញុំបើសិនជាសង្គមមានស្ថេរភាព ហើយពលរដ្ឋរស់នៅដោយសុខសាន អ្នកដឹកនាំគេមិនងាយយកពាក្យហ្នឹងមកប្រើទេ»។

អ្នកវិភាគវ័យក្មេង លោក រិទ្ធា មេតា វិភាគថា សាររបស់នាយករដ្ឋមន្រ្តីដែលរំលឹក​ពីសន្តិភាពដដែលនេះ អាចជាការភ័យខ្លាចផងដែរ របស់មេដឹកនាំបក្សកាន់អំណាច នៅពេល ប្រព័ន្ធព័ត៌មាន បែបបច្ចេកវិទ្យា​ទំនើប តាមបណ្តាញសង្គម ចាប់ផ្តើមលា​តត្រដាងពី​ការក្តោបក្តា​ប់​​អំ​​​ណាច​​និងមុខជំនួញ តាមបែបក្ខពួក និង​គ្រួសារនិយម។

លោក រិទ្ធា មេតា វិភាគទៀតថា ការធ្វើ​កំណែ​ទ្រង់​ដ៏ពិ​ត​ប្រា​កដមួយ ទៅមុខលែងរួចនោះ លោកថា ជម្រើស​​បាន​កាន់អំ​ណាច​បន្ត​ទៀត មានតែការផ្ញើសារគំរាម ដើម្បីបិទបាំងការពិត។

លោកថា៖ «ជាសារគំរាមមួយបង្ហាញថា ប្រទេសយើងអត់ទាន់ដូរបាន បើដូរហើយត្រូវតែចលាចលហើយ គាត់ចង់បង្ហាញអញ្ចឹង ។បើនិយាយពីយើងគិតវិញថា ពលរដ្ឋចង់ដូរ ប៉ុន្តែអ្នកកាន់អំណាចថា បើដូរមាន​សង្គ្រាម​ ជាគន្លឹះមួយដែលគាត់ចង់បង្ហាញថា អត់ពីគាត់ទៅប្រទេសនឹងអត់មានសន្តិភាព»។

ព្រឹទ្ធាចារ្យនយោបាយជើងចាស់មួយរូប គឺលោក លឺ ឡៃស្រេង លើកឡើងថា កូនសោស​ន្តិភាពនៅ​លើដៃលោ​ក ហ៊ុន សែន។ ប៉ុន្តែលោកថាបើលោក ហ៊ុន សែន មិនដោះស្រាយប​ញ្ហាជាតិធំៗដែល​កំពុង​កើត​មានដូចបច្ចុប្បន្ននេះ ឲ្យមានតម្លាភាពទេ លោកព្រមានថាសន្តិភា​ពនឹងមិននៅបានយូអង្វែងក្នុ​ងដៃនា​យ​ករដ្ឋម​ន្ត្រីទៀតទេ។

លោកថា៖ «ខទី១កម្តៅនយោបាយត្រូវធ្វើឲ្យត្រជាក់ ខទី២ផ្ទះសម្បែងដីធ្លី របស់អ្នកស្រុកត្រូ​វដោះស្រា​យឲ្យរួច ព្រំប្រទល់ជាមួយប្រទេសជិតខាង ត្រូវធ្វើឲ្យមានតម្លាភាព ឲ្យមតិមហាជនគេជឿបានផង។ រឿ​ងលុយ៥​០០ដុល្លារ មិនដឹងស្អីផង យកមនុស្ស៤ទៅ៥នាក់ដាក់គុកឥតប្រយោជន៍ ដល់៧ទៅ៨ខែ​មិនទា​ន់​លែ​ងផង អាហ្នឹងអត់ត្រឹមត្រូវទេ»។

សរុបជារួមអ្នកវិភាគ ផ្តល់យោបល់ថា ដើម្បីរក្សាសន្តិភាពនៅបានយូអង្វែង រដ្ឋាភិបាលត្រូវធ្វើឲ្យម​នុស្ស​គ្រប់គ្នា ទទួលបានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយប្រព័ន្ធយុត្តិធម៌ មិ​ននៅក្រោមឥ​ទ្ធិពល​គ​ណប​ក្សនយោបាយណាមួយ ពង្រឹងការផ្សះផ្សាជាតិ និងការពារបូរភាពទឹកដី៕

VOD
ដោយ លោក ញឹម សុខន​​

លិខិតមិត្តអ្នក​អាន៖ ខួរ​ក្បាល​ពួក​អឺរ៉ុប និង បស្ចិមប្រទេស

លោក ហ៊ុន សែន (រូបភាពហ្វេស​ប៊ុកនាយករដ្ឋមន្ត្រី)

ដោយខ្ញុំធ្លាប់​ធ្វើ​ការ​ជា​មួយ​អ្នក​ស្រាវ​ជ្រាវ អ្នក​បច្ចេកទេស និង បញ្ញវ័ន្ត​បស្ចិមប្រទេស និង អឺរ៉ុប​ជាង ១០ឆ្នាំ ខ្ញុំសូម​ចែក​រំលែក​បទពិសោធន៍ខ្លះៗ ​អំពី​ខួរ​ក្បាល និង ការគិត​របស់​​ពួក​ស្បែកស ភ្នែកប្រាក់ ដែល​ខ្មែរ​យើង​និយមថា ពួក​បារាំង​ដល់​មិត្តអ្នកអាន។

លក្ខណៈ​ពិសេស​របស់​ពួក​នេះ​គឺ​ ១.ធ្វើ​ការ​ប្រកប​ដោយ​វិជ្ជាជីវៈ ជា​លក្ខណៈ​សត្យានុម័ត (objective) មិនមែន​អត្តនោម័ត (subjective) មិន​ប្រើ​គំនុំបុគ្គល​ក្នុង​ពេល​ការងារ ២.​ស្រាវ​ជ្រាវ​យ៉ាង​ម៉ឺង​ម៉ាត់ហ្មត់ចត់ មុន​នឹងធ្វើ​ការ​សន្និដ្ឋា​ន​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន ៣.ធ្វើ​ការ​ដោយសេរី មិន​ចូលចិត្ត​សម្ពាធ​ពី​ឋានានុក្រម មិន​និយម​បក្ស​ពួក ៤.ចូលចិត្ត​ការ​ផ្សេង​ព្រេង។ល។​និង​។ល។

ក្រៅ​ពី​នេះ ខ្ញុំ​នៅសម្គាល់​ទៀតថា មិន​ថា​ក្នុង​ការ​ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ធ្វើ​ការងារក្តី ឬ បោះទុន​វិនិយោគក្តី ឬ ដើរ​កំសាន្តក្តី ពួក​គេ​តែង​ធ្វើ​ការ​ស្រាវ​ជ្រាវ​យ៉ាង​ល្អិតល្អន់ និង ស្វះស្វែង​សាកសួរ​យោបល់​ពីអ្នក​មាន​បទ​ពិសោធន៍ និង​ឯកសារ​ស្រាវជ្រាវ​នានា​ បើ​អាចរកបាន។ ហើយ​រវាង​សម្ដី​របស់​ម្ចាស់​ស្រុក និង ជនជាតិ​អឺរ៉ុបដូច​គ្នា ពួក​នេះ​ជឿជាក់​លើ​ខ្លួន​ឯង​ជាង​អ្នកដទៃ។

ប្រហែល​ជា​កត្តា​អស់​ទាំង​នេះ​ហើយ ​ទើប​ទ្វី​អឺរ៉ុប​ទាំង​មូល​មាន​អត្រា​អ្នក​រៀន​សូត្រចេះ​ដឹង មាន​អ្នក​ប្រាជ្ញ មានការ​គោរព​ច្បាប់ មាន​​គុណធម៌ សីលធម៌ ច្រើនជាង និង​​​ខ្ពស់​ជា​ង​ទ្វីប​ដទៃ។ ហេតុនេះ​ហើយ​ ទ្វីប​អឺរ៉ុប​ក្លាយ​ជា​ទ្វីប​គំរូ​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស ប្រជា​ពលរដ្ឋមាន​សេរីភាព​ជាង​ទ្វីប​ដទៃ។ ហើយ​ពេល​ជនជាតិ​ទាំង​នេះ​ទៅ​តាំង​ទីលំនៅនៅ​ប្រទេស ឬ​ទ្វីបដទៃ ទឹក​ដី​ថ្មី​មាន​វិបុលភាព​គួរឲ្យ​កត់​សម្គាល់ ដូច​ជា អូស្រា្តលី សហរដ្ឋ​អាមេរិក កាណាដា។ល។

ហេតុ​នេះ ប្រទេស​នានា​ដែល​ចង់​ភ្ជាប់ទំនាក់ទំនង​ការទូត នយោបាយ និង សេដ្ឋកិច្ច​ឲ្យ​បាន​ល្អប្រសើរ​ជាមួយ​ទ្វីបអឺរ៉ុប គេគួរ​ស្វែង​យល់​ពី​លក្ខខណ្ឌ​នានា​ដែល​ទ្វីបនេះចង់ឲ្យ​មានដូ​ច​ជា​ ការ​គោរព​ច្បាប់ គោរព​សិទ្ធិ​មនុស្ស សេរីភាព​ពលរដ្ឋ យុត្តិធម៌​ក្នុង​ការ​ចែក​រំលែកកំណើន​សេដ្ឋកិច្ច លុបបំបាត់អំពើ​ពុក​រលួយ និងបក្សពួក​និយម។ ប្រហែល​ប្រទេស​ថៃបាន​ស្វែង​យល់​ និង បាន​អនុវត្តយ៉ាង​ជោគជ័យ​ក្នុង​ការ​ទាក់​ចិត្ត​ប្រជាជន​នៅ​ទ្វីប​អឺរ៉ុប​​ហើយ បាន​ជា​ប្រទេស​នេះ​មាន​កំណើន​សេដ្ឋកិច្ច​ល្អ​ប្រសើរ ទាក់​ទាញ​ការវិនិយោគពី​អឺរ៉ុប​បាន​ច្រើន​ជាង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​ភូមិភាគ​អាស៊ីអគ្នេយ៍។ បច្ចុប្បន្ន​ ប្រទេស​វៀតណាម​ក៏​កំពុង​ដើរ​តាម​លំអាន​នេះ​ដែរ។

ខ្ញុំផ្ទាល់​គិត រវាងសម្ដី​ប៉ុន្មានម៉ាត់​របស់​ថ្នាក់​លើ​យើង​ដែល​បាន​ដៀល​ត្មេះ​អង្គការ​នានា​ដូចជាគ្លបប៊លវីតណេស​ (Global Witness) ឬ អង្គការឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) ឬ អង្គការ​តម្លា​ភាព​អន្តរជាតិ (Transparency International) ឬ ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​សហ​ប្រជាជាតិ (OHCHR) ថា​មាន​លក្ខណៈ​ឆ្កួត​លីលា ថាមាន​ចរិត​នយោបាយ ថា​លម្អៀង​ទៅ​រក​ក្រុម​ប្រឆាំង ក្នុង​ការ​តប​ត​ទៅ​នឹង​របាយការណ៍​រាប់​សិប​ទំព័រ​របស់​ស្ថាប័នទាំងនេះ ទាំង​ខ្លួន​ឯង​គ្មាន​របាយការណ៍​ណាមួយ​បញ្ជាក់​ក្នុង​ដៃនោះ ប្រាកដ​ជា​ពួក​ភ្នែកប្រាក់​ទាំង​នោះ​គេ​ជឿគ្នា​គេជាង​យើង​ហើយ។

ម្យ៉ាង​វិញទៀត គេ​នឹង​វាយ​តម្លៃទៅ​លើ​មេដឹក​នាំ​រូប​នោះ ស្រដៀង​នឹង​ពាក្យ​ខ្មែរ​មួយ​ឃ្លាថា “សម្ដីសជាតិ មាយាទ​សពូជ” នោះហើយប្រៀបដូច​ជា​ស្រាត​ខោ​នៅ​កណ្តាល​វាល​ឲ្យ​គេ​មើល​អញ្ចឹង។ គេ​មិន​គិត​ថា ស្ថាប័ន​ទាំងនោះឆ្កួត​លីលា ដូច​យើង​គិត​នោះ​ទេ ព្រោះ​គេ​បានស្រាវជ្រាវរាប់​ខែ​រាប់ឆ្នាំ ផ្ទុយ​ទៅ​វិញ​ គេ​អាចគិត​ថា យើងទេ​ជាមនុស្ស​ឆ្កួតលីលា កាន់​អំណាច​ជាង ៣០ឆ្នាំ​ហើយ មិនចូល​សង្គម​ដែល​មាន​អរិយធម៌ខ្ពងខ្ពស់ដូចគេបាន ប្រៀប​ដូច​ជា រឿ​ង​និទាន​ស្វាពាក់​មកុតដែរ។

វិធី​សាស្រ្ត​ដែល​ថ្នាក់​ដឹក​នាំយើង​​បាន​យក​មក​ប្រើ​ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ​អឺរ៉ុប ប្រហែល​ជា​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ទាក់​ទាញបាន​​អ្នក​វិនិយោគ​របៀប​លោត​ឆ័ត្រ ធ្វើ​នំ​អត់ម្សៅ ឬ​របៀប​រកស៊ីបែប​ពួក​ម៉ាហ្វីយ៉ា​នៅ​អ៊ីតាលី ឬ រុស្ស៊ី ច្រើន​បានចំណែក​ក្រុម​ហ៊ុន​សាជីវកម្ម​ពហុជាតិ (Multi-national Corporation) ធំៗ ប្រហែល​ជា​ពិបាក​មករកស៊ី​នៅ​ស្រុក​យើងបន្តិច ព្រោះពួកនេះ​មាន​ការ​គោរពច្បាប់​តឹងរ៉ឹង​ជាង​ក្រុម​ហ៊ុន​តូចតាច​ទៅទៀត។

កាន់​អំណាច​ជាង៣០ឆ្នាំ​ហើយ ក្រៅ​ពី​ពង្រឹង​អំណាច​របស់​ខ្លួន ទាមទារការ​ទទួលស្គាល់ និង ទំនុក​ចិត្ត​ពីអន្តរជាតិ ជាពិសេស​ពីទ្វីប​អឺរ៉ុប និង​បស្ចិម​ប្រទេស​ប្រហែល​ជាកត្តាមួយសំខាន់​ដែរ ដើម្បី​ឲ្យ​មាន​អំនួត​ក្នុង​ពិភពគុណ និង​ឆាក​អន្តរជាតិ​នឹង​គេ។ ប៉ុន្តែ បទពិសោធន៍​ពី​មេ​ផ្តាច់ការ​មួយ​ចំនួន​ពី​អតីត​កាលបា​ន​បង្រៀន​ប្រជាពលរដ្ឋ និង ថ្នាក់ដឹកនាំ​នៅ​ទ្វីប​អឺរ៉ុប និង បស្ចិម​ប្រទេស​ក្នុង​​ការ​ផ្តល់​ទំនាក់​ទំនងដល់​ប្រទេស​តូចតាច​ដូចយើង។ ប្រហែល​ជាចំណុច​សំខាន់ដែល​ប្រទេស​នៅ​ទ្វីប​ទាំងនេះ​ចង់​បាន​គឺ​ ការ​ផ្លាស់ប្តូរ​មេដឹក​នាំ​ជា​ទៀង​ទាត់​នេះ​ទេដឹង បាន​ជា​នៅ​វៀតណាម​ក្តី ចិន​ក្តី គេរៀបចំ​ឲ្យ​ការ​ផ្លាស់ប្តូរ​មេដឹក​នាំ​រវាង ១០ ឆ្នាំ​ម្តង​យ៉ាង​យូរ។

ចង់ចូលសង្គមស៊ីវិល័យ ការ​ស្លៀក​ពាក់បែប​ស៊ីវិល័យ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយទេ គេ​តោង​បង្ហាញ​នូវ​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ ភាព​អត់ធ្មត់ ភាព​វៃឆ្លាតផ្នែក​ការទូត ចេះ​រៀប​ប្ញក​ឲ្យសម​ជា​មេដឹកនាំ​ដែល​មាន​ភាព​ថ្លៃ​ថ្នូរ ទើប​អាច​ប្រដំប្រសង​នឹង​គេ​បាន។ បើ​យើង​លីកាំភ្លើង​ចេញពី​ព្រៃ ឬ កាន់ដំបង​ដែល​ប្រលាក់​ដោយ​ឈាម ទៅចូលរួមលើកកែវស្រា​សំប៉ាញជាមួយគេ ប្រហែល​ជា​គេ​មើល​លើ​មើល​ក្រោម​មិនបាន។ បើគេ​មិន​ថា​អី​នា​ពេលនោះ ក៏​គង់​គេ​នឹង​និយាយ​ដើម​ពី​ក្រោយ​ខ្នង ឬ កាសែត​សរសេរ​ចំអក​ឲ្យ​ដែរ។

សូមកុំយកទម្លាប់​ដែលប្រើ​នៅ​ស្រុក​ខ្មែរទៅ​សម្តែង​លើ​ឆាក​អន្តរជាតិអី នាំ​តែ​ខ្មាស​គេ​ទេ។ បើ​ថ្នាក់​ដឹក​នាំ​មិនខ្មាស​គេ ក៏ខ្ញុំជា​រាស្រ្ត​តូចតាច​នេះ​ខ្មាស​គេ​ដែរ!!!

VOD
ដោយ VOD Admin

វិភាគ៖ ការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប. នឹងជះ​ឥទ្ធិពល​ដូចម្ដេច​ទៅ​លើ​គណបក្ស​កាន់​អំណាច?

លោក នី ចរិយា(ធ្វេង)លោក យី សុខសាន្ត(កណ្តាល)និង​លោក នី សុខា

គិត​មក​ដល់​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៧​នេះ សកម្មជន​ការពារ​សិទ្ធិ​ ៤​រូប នៃ​សមាគម​អាដហុក មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ាន់ដា និង​អ្នក​ស្រី លឹម មុន្នី និង​អគ្គ​លេខាធិការរង​គ.ជ.ប. លោក នី ចរិយា ដែល​ជា​អតីត​មន្ត្រី​អាដហុក​ផង​នោះ បាន​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជិត ៩​ខែ​មក​ហើយ បន្ទាប់​ពីពួកគេ​ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ​ចោទ​ប្រកាន់​ថា បាន​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​ក្នុង​រឿង​សូក​ប៉ាន់​សាក្សី ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ ខុម ចាន់តារាទី ហៅ ស្រីមុំ ដែល​ត្រូវ​បាន​គេ​ទម្លាយ​ថា មាន​ទំនាក់​ទំនង​ស្នេហា​ដ៏​ចម្រូង​ចម្រាស់​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា។

ដោយ​ផ្អែក​តាម​នីតិវិធី​ច្បាប់ មេធាវី​ការពារ​ក្ដី​ ​លោក សំ សុខគង់ បាន​និយាយ​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន​ថា ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង​ ៥​រូប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ខុស​នីតិវិធី​ច្បាប់ និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ​ជន​ត្រូវ​ចោទ។ លោក សំ សុខគង់ បាន​លើក​ឡើង​ដូច្នេះ បន្ទាប់​ពី​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ សម្រេច​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង ៥​នាក់​បន្ថែម​ទៀត ក្រោម​ហេតុ​ផល​ថា ដើម្បីមាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ស្វែង​រក​ភស្តុតាង​ដាក់​បន្ទុក​បន្ថែម​ទៀត។

សកម្មជន​សិទ្ធិ​មនុស្ស​ ៤​រូប និង​អគ្គ​លេខាធិការ​រង​ គ.ជ.ប. លោក នី ចរិយា ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ បន្ទាប់​ពី​លោក កឹម សុខា ត្រូវ​បាន​លើក​ឡើង​ទោស​កាល​ពី​ដើម​ខែ​ធ្នូ។ ក្ដី​រំពឹង​ថា​នឹង​ដោះ​លែង​អ្នក​ទាំង ៥​រូប​នោះ កាន់​តែ​លេច​ធ្លោ​ឡើង​ថែម​ទៀត បន្ទាប់​ពី​លោក កឹម សុខា បាន​ជួប​ពិភាក្សា​ដោយ​បិទ​ទ្វារ​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​​ថ្ងៃ​ទី​០៧ ខែ​ធ្នូ នៅ​ឯ​វិមាន​រដ្ឋ​សភា។ មួយ​ថ្ងៃ​ក្រោយ​មក អ្នក​ពាក់​ព័ន្ធ​ម្នាក់​ទៀត គឺ​មេ​ឃុំ​ ស៊ាង ចែត ក៏​ត្រូវ​បាន​ដោះ​លែង​​ដែរ។ ជាងនេះ​ទៅ​ទៀត ប្រធាន​ក្រុម​តំណាង​រាស្ត្រ​សំឡេង​ភាគ​ច្រើន លោក ស ខេង បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា បើ​តាម​លោក​ដឹង ប្រហែល​ជា​មុន​ដំណាច់​ខែ​ធ្នូ​កន្លង​មក នឹង​មាន​ការ​ដោះ​ស្រាយ​ករណី​មន្ត្រី​សិទ្ធិ​មនុស្ស និង​អគ្គ​លេខាធិការ​រង គ.ជ.ប.។

ទោះជាយ៉ាងណា រហូត​មក​ដល់​ពេល​នេះ គ្មាន​ទេ​ជំនួប​ពិភាក្សា​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច និង​មេដឹកនាំប​ក្ស​ប្រឆាំង ដើម្បី​ឈាន​ទៅ​ដោះ​លែងអ្នក​ជាប់​ឃុំ​ទាំង ៥​រូប​នោះ ហើយ​ភាព​មិន​ច្បាស់​លាស់​រឹត​តែ​លេចធ្លោ​ថែម​ទៀត បន្ទាប់​ពីគម្រោង​ជួប​ពិភាក្សា​នៅ​សប្ដាហ៍​នេះ ត្រូវ​បាន​លុប​ចោល​ទៅ​វិញ​ភ្លាមៗ មួយ​ថ្ងៃ​ក្រោយពី​​ខុទ្ទកាល័យ​លោក ស ខេង ​ជូន​ដំណឹង​ទៅ​​ខាង​​គណបក្ស​ប្រឆាំង កាល​ពី​សប្ដាហ៍​មុន។

ភាព​ជាប់​គាំង​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើការ​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង​រូប​នេះ នឹង​ជំរុញ​ឲ្យ​គណបក្ស​កាន់​អំណាច​ខាត​បង់​ ឬ​ក៏​ចំណេញ​ប្រជាប្រិយភាព ខណៈ​ការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​ចូលមក​ដល់?

ជុំ​វិញ​ការ​ចោទ​សួរ​ដូច្នេះ អ្នក​សិក្សា​ស្រាវ​ជ្រាវ​បញ្ហា​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី បាន​ចាត់​ទុក​ការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប. ថា​ជា​ការ​បន្ត​ឱប​ដុំ​ភ្លើង​មួយ​ដុំនៅ​ជាប់​នឹង​ខ្លួន​ពី​សំណាក់​គណបក្ស​កាន់​អំណាច ដែល​អ្នក​វិភាគ​រូប​នេះ​ថា បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រជាប្រិយ​ភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​រដ្ឋាភិបាល​ផង​ដែរ។

បើ​តាមអ្នក​វិភាគ​រូប​នេះ គណបក្ស​កាន់​អំណាច​គួរ​តែ​ពិចារណា​បោះ​បង់​ដុំ​ភ្លើង​មួយ​ដុំ​នេះ​ចោល បន្ទាប់​ពី​ការ​លេច​ធ្លាយ​សារ​ឆ្លើយ​ឆ្លង​គ្នា​រវាង​បុរស​ម្នាក់​ហៅ​ខ្លួន​ឯង​ថា តា និង​នារី​ម្នាក់​ហៅ​ខ្លួន​ឯង​ថា ចៅ ដែល​សារ​ឆ្លើយ​ឆ្លង​នោះ ត្រូវបាន​គេ​សង្ស័យ​ថា ជា​ការ​សន្ទនា​រវាង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​កញ្ញា ធី សុវណ្ណថា។

ក្រៅ​ពី​បោះ​ចោលដុំ​ភ្លើង​មួយ​ដុំ​នេះ លោក​បណ្ឌិត មាស នី ប្រាប់​ថា រដ្ឋាភិបាល​គួរ​តែ​​ងាក​ទៅ​ផ្ដោ​ត​លើ​បញ្ហា​ប្រទេស​ជាតិ ដូចជា ករណី​តួលេខ​មិន​ប្រក្រតី​នៃ​ការ​នាំ​ចេញ​ខ្សាច់​របស់​កម្ពុជា ទៅ​ក្រៅ​ប្រទេស​វិញ។

លោក មាស នី មាន​ប្រសាសន៍​ថា​៖ “តាម​ខ្ញុំ​មើល​ទៅ ការ​បន្ត​ការ​ឃុំ​ឃាំង​នេះ វា​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក កាន់​តែ​អាក្រក់​ថែម​ទៀត។ ខ្ញុំ​មិន​ដឹង​ថា រដ្ឋាភិបាល​នៅ​ឱប​ដុំ​ភ្លើង​មួយ​ដុំ​ហ្នឹង​ទុក​ធ្វើ​អី​ទៀត។ បើ​យើង​មើល​ទោស​ទណ្ឌ​អី​ទៅ ក៏​វា​មិន​ត្រូវ​ជាប់​យូរ​បែប​ហ្នឹងទេ បើ​យើង​ប្រៀប​ធៀប​ជាមួយ​នឹង​ថ្លៃ​ខ្សាច់ប៉ុន្មាន​រយ​លាន​ដុល្លារ ដែល​មិន​មាន​នរណា​ខ្វល់​ខ្វាយ ហើយ​តាម​អ្វី​ដែលលេចច​នូវ​សំឡេង​ឆ្លើយ​ឆ្លើយ​គ្នា​រវាង​ថ្នាក់​ដឹកនាំ​ខ្មែរ​ជាន់​ខ្ពស់​ទាក់​ទង​នឹង​លុយ​រាប់​លានដុល្លារ​ទៀត ក៏​គ្មាន​នរណា​ខ្វល់​ខ្វាយលូក​ដៃ​ទៅ​ស្រាវ​ជ្រាវ​រកលុយ​ហ្នឹង​ឲ្យ​ឃើញ​មក ហើយ​ទុក​ការ​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស និង​គ.ជ.ប.​ហ្នឹង ឲ្យ​នៅ​ត្រាំត្រែងវេទនា”។

អ្នក​វិភាគ​រូប​នេះ បាន​បន្ថែម​ថា ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង ៥​រូប​នេះ​បន្ត​ទៀត នឹង​ឆ្លុះ​បញ្ចាំង​ឲ្យ​​ឃើញ​អំពើ​អយុត្តិធម៌​កាន់​តែ​យូរ​ថែម​ទៀត​សម្រាប់​អ្នក​ទាំង ៥​រូប​នោះ ហើយ​លោក​មើល​មិន​ឃើញ​ថា តើ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ប្រយោជន៍​អ្វី​នោះ​ឡើយ​ពី​ការ​បន្ត​ឃុំ​ខ្លួន​បែប​នេះ។

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នឹងចូល​មក​ដល់​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​នេះ លោក​បណ្ឌិត មាស នី បាន​សង្កត់​ធ្ងន់​ថា ប្រជា​ពលរដ្ឋ​កម្ពុជា​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ហើយ​ថា ករណី​ឃុំ​ខ្លួន​អ្នក​ទាំង ៥​រូប​នេះ វា​ជា​រឿង​នយោបាយ ដែល​ចាប់​ផ្ដើម​ឡើង​ដោយ​នយោបាយ​កម្ពុជា។

លោក​បន្ថែម​ថា​៖ “ដូច្នេះ បើ​រឿង​នេះ​ទុក​យូរ​បន្ត​ទៀត ខ្ញុំ​គិត​ថា អ្នក​ប៉ះ​ពាល់​ធ្ងន់​ជាង​គេ គឺ​រដ្ឋាភិបាលដែល​ចេះ​តែ​បណ្ដោយ​ឲ្យ​អំពើ​អយុត្តិធម៌​ហ្នឹង​ចេះ​តែ​នៅ​មាន​កើតឡើង​ដូចជា​ករណី​លោក កែម ឡី ករណី​លោក ជា វិជ្ជា បែរ​ជា​រក​មិន​ឃើញ។ ផ្ទុយ​ទៅ​វិញបែរ​ជា​មក​ធ្វើ​រឿង​កូន​ក្ដាម​កូន​ខ្ចង”​។

ប៉ុន្តែ សម្រាប់​លោក គឹម សុខ ដែល​ជា​អ្នក​វិភាគ​នយោបាយ​កម្ពុជា​មួយ​រូប​ទៀត​នោះ បាន​មើល​ឃើញ​ថា មិន​ថា​បន្ត​ឃុំ​ខ្លួន ឬ​ដោះ​លែង​អ្នក​ទាំង ៥​រូប​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​នោះ​ទេ គណបក្ស​ប្រជាជន​កម្ពុជា ប្រាកដ​ជា​ខាត​បង់​ប្រជាប្រិយភាព​ទៅ​ហើយ​នៅ​ក្នុង​ករណី​នេះ។​

លោក​ គឹម សុខ ប្រាប់​ថា​៖ “នៅ​កម្ពុជា​យើង​មាន​ទម្លាប់​មួយ​ គេ​ថា កាល​ណាអ្នក​នយោបាយ​ត្រូវ​រូវ​គ្នា បញ្ហា​នានា​ដែល​គេ​ចាប់​ឃុំ​ខ្លួននៅ​ពេល​ដែល​មាន​ការ​ប្រទាំង​ប្រទើស​នយោបាយ​ហ្នឹង ត្រូវ​បាន​ដោះ​លែង​។ ដូច្នេះ គណបក្ស​កាន់​អំណាច គេ​មិន​ដោះ​លែង​នៅ​ក្នុង​ពេល​ហ្នឹង ដោយសារ​តែ​កាល​ណា​គេ​ដោះ​លែង នឹង​ត្រូវ​ប្រជា​រាស្ត្រ​​ចំអក ឬ​សង្កត់​ថា អូ​រឿង​ហ្នឹង​គឺ​ជា​រឿង​នយោបាយពិត​ប្រាកដ​មែន”​។

បើ​យើង​ក្រឡេក​ទៅ​មើល​​លទ្ធផល​នៃ​ការបោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣​កន្លង​មក វា​ស្ដែង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ប្រជា​ប្រិយភាព​របស់​គណបក្ស​កាន់​អំណាច​បាន​ធ្លាក់​ចុះ​រួច​ទៅ​ហើយ ដោយ​នៅ​ពេល​នោះ អាសនៈ​នៅ​ក្នុង​សភា​របស់​គណបក្ស​នេះ បាន​ធ្លាក់​ចុះ​ពី ៩០អាសនៈ មក​នៅ​ត្រឹម ៦៨​អាសនៈ​ប៉ុណ្ណោះ បើធៀប​នឹង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០០៨​កន្លង​មក។

ទាំង​លោក មាស នី និងលោក គឹម សុខ បាន​ព្រមាន​ថា គណបក្ស​នេះ​អាច​នឹង​បាត់​បង់​សំឡេង​ឆ្នោត​បន្ថែម​ទៀត នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ នោះ​ក៏​ព្រោះ​តែ​ហេតុការណ៍​ទាក់​ទង​នឹង​នយោបាយ​សំខាន់ៗ កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា រាប់​ចាប់​តាំង​ពី​ការ​ឃុំ​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិ​មនុស្ស​ មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត រហូត​ដល់​ឃាតកម្ម​ទៅ​លើ​អ្នក​វិភាគ​ដ៏​ល្បី​ល្បាញ គឺ​លោក កែម ឡី ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន៕

VOD
ដោយ លោក សូរ្យ ជ័យឧត្ដម​​

វិភាគអន្តរជាតិ៖ ហេតុអ្វីបានជាគោលនយោបាយ «ឆ្ពោះទៅតំបន់អាស៊ី» ក្លាយជាកំហុសឆ្គងដ៏ធ្ងន់ធ្ងររបស់លោក អូបាម៉ា?



(អាមេរិក)៖ វាមិនមែនជារឿងងាយនោះទេក្នុងការឈ្វេងយល់ថា តើអ្វីជាគោលដៅនៃគោលនយោបាយរបស់ប្រធានាធិបតីណាមួយ រហូតទាល់តែមេដឹកនាំទាំងនោះចុះចេញពីដំណែង។ ប៉ុន្តែសម្រាប់គោលនយោបាយឆ្ពោះទៅតំបន់អាស៊ី ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា ជាកំហុសឆ្គងនយោបាយការបរទេសដ៏ធ្ងន់ធ្ងរមួយរបស់លោក អូបាម៉ា។

លោក អូបាម៉ា ធ្លាប់បានលើកឡើងថា លោកផ្ទាល់គឺជាប្រធានាធិបតីអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វីកទីមួយ ហើយការផ្តោតភាពសំខាន់ទៅលើតំបន់អាស៊ី ត្រូវបានបណ្តាអ្នកគាំទ្រអតីតប្រធានាធិបតីរូបនេះចាត់ទុកថា ជាជោគជ័យដ៏ធំធេងមួយ ដែលជួយរក្សាតុល្យភាពគោលនយោបាយការបរទេសអាមេរិក ដោយការបន្ថយការអន្តរាគមន៍នៅតំបន់មជ្ឈឹមបូព៌ា និងងាកទៅកាន់តំបន់អាស៊ីដែលថ្មីៗនេះត្រូវបានគេព្យាករណ៍ថា នឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច សម្រាប់សតវត្សរ៍ទី២១នេះ។

តែអ្វីដែលជាការពិតគឺថា ការផ្តោតសំខាន់ទៅលើតំបន់អាស៊ី គឺជាកំហុសមួយដែលបង្កឱ្យតំបន់ផ្សេងទៀតលើពិភពលោក ក្លាយជាអ្នករងគ្រោះទៅវិញ។ គោលនយោបាយនេះ ត្រូវបានបង្កើតឡើងដោយសារកំហុសឆ្គងក្នុងការវាយតម្លៃ។ ជាក់ស្តែងអាមេរិកបានសន្និដ្ឋានថា កន្លងមកគោលនយោបាយ ការបរទេសរបស់ខ្លួន បានមើលរំលងភាពសំខាន់របស់តំបន់អាស៊ីប៉ាស៊ីហ្វិក។ ការសន្និដ្ឋានបន្ថែមទៀតបានលើកឡើងថា ការកើនឡើងនូវតួនាទីរបស់តំបន់អាស៊ី កំពុងត្រូវការវត្តមានយោធាអាមេរិកបន្ថែមទៀត។ ឆ្លើយតបការសន្និដ្ឋានដ៏ខុសឆ្គងនេះ សហរដ្ឋអាមេរិកបានសម្រេចដកទ័ពពីតំបន់មជ្ឈឹមបូព៌ា និងតំបន់ផ្សេងទៀត ដើម្បីទៅបំពេញនៅតំបន់អាស៊ី។

ដើម្បីសម្រេចបានគោលដៅនេះ រដ្ឋាភិបាលលោក អូបាម៉ា គ្រោងបង្កភាពតានតឹងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីឆ្លៀតឱកាសបង្កើនឥទ្ធិពលរបស់ខ្លួន ដោយភ្លេចថា វាក៏ជាការបង្កឱ្យតំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុបធ្លាក់ក្នុងស្ថានភាពកាន់តែហ្វឹកវរជាងពីមុនផងដែរ ដែលជាលទ្ធផលនៃភាពព្រងើយកន្តើយរបស់អូបាម៉ា។

គោលនយោបាយថ្មីនេះ រួមបញ្ជូលទាំងការបង្កើនទំនាក់ទំនងការទូតជាថ្មី ជាមួយបណ្តាប្រទេសនៅអាស៊ី ជាក់ស្តែងដូចជាប្រទេស មីយ៉ាន់ម៉ា ជាដើម។ ប៉ុន្តែអ្វីដែលជាបញ្ហាចោទពិតប្រាកដ គឺវាជាការផ្លាស់ប្តូរគោលនយោបាយសន្តិសុខ និងកិច្ចការពារជាតិរបស់ប្រទេសផ្សេងទៀត។

អ្នកវិភាគបានបញ្ជាក់ថា វាជាដំណាក់កាលដ៏យ៉ាប់យ៉ឺន និងអាក្រក់បំផុតសម្រាប់លោក អូបាម៉ា ក្នុងការអនុវត្តគោលនយោបាយ «សហរដ្ឋអាមេរិក ឆ្ពោះទៅតំបន់អាស៊ី» ដែលត្រូវបានគេមើលឃើញថា វាងាយសម្រាប់ការនិយាយ តែវាមិនអាចក្លាយជាការពិតបានឡើយ។ គោលនយោបាយ «ឆ្ពោះទៅកាន់តំបន់អាស៊ី» របស់លោក អូបាម៉ា ត្រូវបានគេពណ៌នាថា ជាយុទ្ធសាស្ត្ររក្សាតុល្យភាពអំណាច រួមជាមួយការបង្កើនទំនាក់ទំនងការទូត និងវត្តមានយោធារបស់សហរដ្ឋអាមេរិកនៅតំបន់អាស៊ី ដែលជាតំបន់សេដ្ឋកិច្ចដ៏មានថាមពលបំផុតលើពិភពលោក។

ជាក់ស្តែងសហរដ្ឋអាមេរិក ធ្លាប់មានមហិច្ចតាក្នុងការបង្កើនទំនាក់ទំនងពាណិជ្ចកម្ម ដូចជាកិច្ចព្រមព្រៀង TPP (Trans-Pacific Partnership) ជាដើម ដែលកិច្ចព្រមព្រៀងនេះ បានចងទំនាក់ទំនងរវាងអាមេរិកជាមួយប្រជាជាតិនៅអាស៊ីរហូតដល់១២ប្រទេស ដែលរ៉ាប់រងទៅលើពាណិជ្ចកម្មពិភពលោក ប្រមាណ៤០ភាគរយ។

ជាអកុសល វាមិនបានដូចអ្វីដែលបានរំពឹងទុកឡើយ។ ហេតុផលទីមួយ ដោយសារលោកស្រី Hillary Clinton ដែលជាបុគ្គលនាំមុខលើកិច្ចព្រមព្រៀង TPP នេះ បែរជាបែរខ្នងចំពោះកិច្ចព្រមព្រៀងនេះ ក្នុងពេលដែលលោកស្រីធ្វើយុទ្ធការឃោសនាបោះឆ្នោត។ ដោយឡែកការជាប់ឆ្នោតរបស់លោក Trump ក៏កាន់តែបង្កឱ្យមានភាពស្មុគស្មាញកាន់តែខ្លាំង ដោយប្រធានាធិបតីជាប់ឆ្នោតរូបនេះ បានបញ្ជាក់ថា លោកនឹងដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង TPP ដើម្បីទទួលបានយុត្តិធម៌ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

ចាប់តាំងពីចំណុចចាប់ផ្តើម គោលនយោបាយរបស់ អូបាម៉ា ជាការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ប្រតិបត្តិការត្រៀមប្រឈមមុខដោយកម្លាំងយោធាជាមួយចិន។ ក្នុងពេលនោះដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Robert Gates បានបើកកិច្ចពិភាក្សាដោយចំហ ក្នុងការត្រៀមទប់ទល់ការកើនឡើង សមត្ថភាពយោធារបស់ចិន។ ហេតុនេះជាលទ្ធផល គោលនយោបាយផ្តោតការយកចិត្តទុកដាក់ដល់តំបន់អាស៊ី គឺត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំង មើលឃើញថា ជាផ្នែកមួយនៃការពង្រីកកិច្ចខិតខំប្រឹងប្រែងដើម្បីឡោមព័ទ្ធចិនទៅវិញ។

គោលនយោបាយរបស់អាមេរិកដែលផ្តល់ភាពសំខាន់ដល់អាស៊ី ដោយចាត់ទុកថា តំបន់អាស៊ី មានសារៈសំខាន់សម្រាប់បណ្តាប្រទេសដទៃផ្សេងទៀត ទូទាំងពិភពលោក ដោយសារការចូលរួមចំណែកក្នុងការបង្កើន GDP របស់ពិភពលោក និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពិភពលោក។ ហេតុនេះ វាទាមទាឱ្យអាមេរិកឆ្លើយតបដោយកិច្ចប្រឹងប្រែង ផ្នែកសេដ្ឋកិច្ចដើម្បីទាញយកផលប្រយោជន៍ពីឱកាសនេះ ជាអកុសលអាមេរិកបែរ ជាប្រើប្រាស់កម្លាំងយោធាទៅវិញ។ ឥរិយាបទរបស់អាមេរិកធ្វើឱ្យមហាយក្សចិនគិតថា គោលនយោបាយរបស់អាមេរិក ជាការពង្រីកកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ទល់ជាមួយខ្លួន។

ជាក់ស្តែងបន្ទាប់ពីកិច្ចព្រមព្រៀង TPP ត្រូវបានសម្រេចឡើងនៅឆ្នាំ២០១៥ លោក អូបាម៉ា បានបញ្ជាក់ថា «កិច្ចព្រមព្រៀង TPP ផ្តល់ឱកាសដល់អាមេរិក (មិនមែនចិន) ជាអ្នកគូសវាសផ្លូវដើរសម្រាប់សតវត្សរ៍ទី២១។ ហេតុនេះវាគ្មានអ្វីជាអាថ៌កំបាំងសម្រាប់រដ្ឋាភិបាលក្រុង ប៉េកាំង ក្នុងការជឿជាក់ថា យុទ្ធសាស្ត្រអាមេរិកក្នុងតំបន់ គឺដើម្បីទប់ទល់ការពង្រីកឥទ្ធិពលរបស់ខ្លួនយ៉ាងច្បាស់។

កំហុសឆ្គងមួយទៀតរបស់អាមេរិក គឺការបិទភ្នែកមិនអើពើតំបន់អឺរ៉ុប និងមជ្ឈឹមបូព៌ា រដ្ឋាភិបាលលោក អូបាម៉ា ហាក់មានជំនឿថា សហរដ្ឋអាមេរិកមិនអាចជ្រើសរើសផ្លូវដើរពីរក្នុងពេលតែមួយបានឡើយ។ ដែលនេះមានន័យថា ការផ្តោតទៅលើតំបន់អាស៊ី ស្មើនឹងការដោះដៃពីតំបន់ផ្សេងទៀត។ តែការពិតទៅវាជារឿងដែលគ្រោះថ្នាក់បំផុត។

ភាពព្រងើយកន្តើយរបស់អាមេរិកនៅអឺរ៉ុប ចាប់តាំងផ្តើមស្តែងឡើងនៅពេលមានការឈ្លានពានពីរុស្ស៊ីនៅអ៊ុយក្រែន ការគំរាមកំហែងរដ្ឋនានានៅបាល់ទិក ព្រមទាំងការបាត់បង់លទិ្ធប្រជាធិបតេយ្យនៅក្នុងប្រទេស ប៉ូឡូញ និងហុងគ្រីជាដើម។ បន្ទាប់ពីអាមេរិកដកទ័ពចេញពីតំបន់មជ្ឈឹមបូព៌ា សង្គ្រាមស៊ីវិលនៅស៊ីរីបង្កឱ្យមនុស្ស ១១លាននាក់ ផ្លាស់ប្តូរទីលំនៅមនុស្សរាប់លាននាក់សា្លប់ វិបត្តិជនភៀសខ្លួនកើតឡើង វត្តមានឧទ្ទាម ISIS ប្រទេស អ៊ីរ៉ាក់ និងស៊ីរី។ ចំណែកទំនាក់ទំនងអាមេរិកជាមួយសម្ព័ន្ធមិត្តនៅឈូងសមុទ្រក៏ហាក់រង្គោះរង្គើ ស្របពេលដែលអ៊ីរ៉ង់ កំពុងបង្កើនឥទិ្ធពលរបស់ខ្លួននៅក្នុងតំបន់។

គោលនយោបាយឆ្ពោះទៅតំបន់អាស៊ី វាមិនមែនជារឿងចំណេញនោះទេ។ គោលនយោបាយនេះ មិនបានទប់ស្កាត់ឥទ្ធិពលរបស់ប្រទេសចិនបានឡើយ ផ្ទុយទៅវិញវាជម្រុញឱ្យចិនកាន់តែហ៊ានបំពានថែមទៀត។ ការផ្តល់ភាពសំខាន់ដល់តំបន់អាស៊ី ពិសេសរដ្ឋាភិបាលក្រុងប៉េកាំង ដែលរឹតតែធ្វើឱ្យចិន ហ៊ានបង្ហាញឥរិយាបទព្រហើនចំពោះសហរដ្ឋអាមេរិក។ ជាក់ស្តែងចិនបានប្រកាសពីអធិបតេយ្យភាពរបស់ខ្លួនក្នុងដែនសមុទ្រចិនខាងត្បូង ដែលនេះជាភស្ដុតាងបញ្ជាក់ថា ចិនមិនបានញញើតសហរដ្ឋអាមេរិកសូម្បីតែបន្តិច។

សម្រាប់វិស័យសេដ្ឋកិច្ច ចិននៅតែបន្តរីកចម្រើនទៅមុខ រហូតអាចចូលរួមចំណែកក្នុង GDP របស់ពិភពលោក។ កិច្ចព្រមព្រៀង TPP ដែលមានគោល ដៅផ្តល់ភាពសំខាន់ដល់តំបន់អាស៊ី បានធ្លាក់ចុះ ខណៈដែលចិននៅតែអាចជម្រុញទំនាក់ទំនងពាណិជ្ចកម្ម ជាមួយបណ្តាប្រទេសសំខាន់ៗផ្សេងទៀតក្នុងតំបន់។​ គោលនយោបាយនេះ មិនត្រឹមតែមិនអាចសម្រេចបានតាមគោលដៅសំខាន់របស់ខ្លួនហើយ ថែមទាំងបង្កបញ្ហាកាន់តែធ្ងន់ធ្ងរនៅតំបន់អឺរ៉ុប និងមជ្ឈឹមបូព៌ាដោយអចេតនាថែមទៀតផង។ គោលនយោបាយឆ្ពោះទៅតំបន់អាស៊ី ត្រូវបានគេចងចាំថា ជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរក្នុងទំនាក់ទំនង ការបរទេសរបស់ប្រធានាធិបតីអូបាម៉ា៕

បកប្រែ និងសម្រួលដោយ៖ អ៉ឹត ចណ្ណា

Fresh News

ទស្សនៈមតិ៖ ការជេរប្រមាថលើបណ្តាញសង្គម នឹងធ្វើឲ្យតម្លៃសីលធម៌ដ៏ផូរផង់របស់ខ្មែរបាត់បង់មិនខាន



(ភ្នំពេញ)៖ ខ្មែរដែលគេតែងឮថា ជាអ្នកមានសីលធម៌ថ្លៃថ្នូរខ្ពង់ខ្ពស់សមជាប្រទេសមានអរិយធម៌ដ៏ចំណាស់នៅអាស៊ីនោះ ប្រហែលជាមិនត្រឹមត្រូវទៀតឡើយ បើតាមការមើលទៅលើសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ។

ក្រៅពីការមើលឃើញទង្វើអសីលធម៌ ថោកទាបជាងសត្វតិរច្ឆានក្នុងសង្គមមួយចំនួនដូចជា ការកាប់សម្លាប់សាហាវព្រៃផ្សៃ ការរំលោភសេពសន្ថវៈ ដែលកើតមានស្ទើររាល់ថ្ងៃទៅ នៅតាមបណ្តាញសង្គម Facebook ដែលជាបណ្តាញសង្គមដ៏មានប្រជាប្រិយភាពជាងគេក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន ការជេរប្រមាថប្រកបដោយភាពអសុរោះក៏កំពុងកើតមានយ៉ាងសន្ធឹកផងដែរ។ ក្នុងចំណោមអ្នកដែលជេរប្រទេចគ្នានោះ ត្រូវបានសង្កេតឃើញថា ភាគច្រើនជាអ្នកមាននិន្នាការនយោបាយមិនស្របគ្នា។

ក្រុមអ្នកមាននិន្នាការនយោបាយមិនស្របគ្នា ហាក់កំពុងយកការជេរប្រទេចគ្នា និងការចេញមកបង្ហាញវោហារស័ព្ទគាំទ្របក្សដែលខ្លួនគាំទ្រ ហើយវាយប្រហារ ឬជេរប្រមាថទៅលើបក្សនយោបាយដែលខ្លួនមិនគាំទ្រ ធ្វើជាអាជីពទៅហើយ។

តាមរយៈបណ្តាញសង្គម ដែលមានភាពទំនើបយុវជន យុវតីជាពលរដ្ឋខ្មែរ បានថតជាវីដេអូបង្ហាញការជេរប្រមាថរបស់ពួកគេបង្ហោះយ៉ាងព្រោងព្រាត ហាក់មិនមានភាពខ្មាសអៀន ហើយដូចជាកំពុងមានមោទនភាពជាមួយថ្វីមាត់ ដែលពួកគេជេរប្រទេចនោះថែមទៀត។

ហេតុអ្វីទង្វើ ដែលសង្គមខ្មែរចាត់ទុកជាទង្វើមិនថ្លៃថ្នូរនេះ ត្រូវបានយកប្រើប្រាស់ដោយភាពអង់អាចក្លាហានក្នុងសង្គមបែបនេះ? មានមូលហេតុមួយចំនួន ដែលជំរុញឲ្យពួកគេធ្វើបែបនេះ៖

ទី១៖ ក្រុមអ្នកយកអាជីពនិយាយលើកជើងបក្សខ្លួនពេញចិត្ត ហើយជេរប្រមាថជាន់ពន្លិចបក្សដែលមិនពេញចិត្ត ឬអាចហៅដោយសាមញ្ញថា ជេរដើម្បីបានប្រជាប្រិយភាព។

ទី២៖ មានអ្នកចាប់យកអាជីពនេះខ្លះ តែងទទួលបានលាភសក្ការៈមួយចំនួនផងដែរពីបក្សដែលពួកគេប្រឹងគាំទ្រនោះ។

សង្គមខ្មែរ ដែលគេធ្លាប់ហៅថា អ្នកមានសណ្តានថ្លៃថ្នូរ គួរតែបញ្ឈប់នូវវប្បធម៌ថោកទាបនេះ បើមិនដូច្នោះតម្លៃសីលធម៌របស់ខ្មែរនឹង អាសោចយ៉ាងសុះសាយជាមិនខាន។ តើត្រូវបញ្ឈប់ទង្វើបន្ថោកតម្លៃសីលធម៌ និងវប្បធម៌របស់ខ្មែរដោយវិធីណា?

ដើម្បីបញ្ឈប់សកម្មភាពនេះ ត្រូវតែបញ្ឈប់ការផ្តល់លាភសក្ការៈទៅឲ្យក្រុម ដែលចូលចិត្តប្រើសណ្តានជាសត្វតិរច្ឆាននេះ។ ទន្ទឹមគ្នានោះមនុស្សក្នុងសង្គម Facebook ក៏ត្រូវតែឈប់បង្ហាញការគាំទ្រចំពោះក្រុមពូកែជេរប្រមាថគ្នានេះ ហើយត្រូវជំនួសដោយការបង្ហាញនូវភាពស្អប់ខ្ពើមចំពោះពួកគេ។

សូមកុំឲ្យមហិច្ឆតានយោបាយបំផ្លាញសង្គមដ៏ថ្លៃថ្នូររបស់សង្គមជាតិ និងកុលបុត្រ កុលធីតាខ្មែរ។ និន្នាការនៃការជេរប្រមាថលើបណ្តាញសង្គម Facebook នឹងធ្វើឲ្យសង្គមខ្មែរបែកបាក់កាន់តែខ្លាំង៕

Fresh News

វិភាគ៖ សុវត្ថិភាពចំណីអាហារនៅកម្ពុជាស្ថិតក្នុងភាពផុយស្រួយ

បន្លែដែលដាក់លក់នៅលើទីផ្សារ



បញ្ហាសុវត្ថិភាពចំណីអាហារនៅកម្ពុជា គឺជាកង្វល់មួយសម្រាប់​ប្រជាជនទូទៅនៅប្រទេសកំពុងអភិវឌ្ឍមួយនេះ។ សម្រាប់អ្នកមានលទ្ធភាពគ្រប់គ្រាន់ មុននឹងបរិភោគអាហារគឺគេមានអ្នកត្រួតពិនិត្យគុណភាព​ចំណីអាហារជាមុន ឬអាហារទាំងនោះទៀតសោត ត្រូវបានដឹងពីប្រភពនៃអ្នកផលិតច្បាស់លាស់។

ប៉ុន្តែ​សម្រាប់​ប្រជាជនក្រីក្រឬអ្នកមិនសូវមានលទ្ធភាពគ្រប់គ្រាន់​ គឺច្រើនតែបរិភោគចំណីអាហារឲ្យខាងតែឆ្អែត ដោយ​មិន​សូវ​បាន​គិត​គិត​គុណភាពឬសុវត្ថិភាពរបស់អាហារទាំងនោះឡើយ។

ថ្វីត្បិតតែប្រទេសកម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសកសិកម្មក៏ពិតមែន ប៉ុន្តែផលិតផលកសិកម្ម​មួយភាគធំ​ត្រូវបាននាំចូលពីប្រទេសជិតខាងដូចជា វៀតណាមនិងថៃជាដើម។

ទិន្នន័យដែលត្រូវបានផ្សាយដោយទូរទស្សន៍ក្នុងស្រុកកាលពីខែមិថុនាឆ្នាំ២០១៦ បង្ហាញថា ក្នុងមួយថ្ងៃៗ កម្ពុជា នាំចូលបន្លែ៤០០តោនពីក្រៅប្រទេស ស្មើនឹងជាង១៤ម៉ឺនតោនក្នុង១ឆ្នាំ គិតជាទឹកប្រាក់ប្រមាណ២០០លានដុល្លារអាមេរិក។ បន្លែភាគច្រើនគឺនាំចូលពីប្រទេសវៀតណាម។ ប៉ុន្តែវៀតណាមជាប្រទេសមួយដែលត្រូវបានប្រទេសនៅលោកខាងលិចបានហាមនាំចូលបន្លែទៅទីផ្សារសហគមន៍អ៊ឺរ៉ុប ដោយសារតែរកឃើញថាបន្លែវៀតណាមមានប្រើថ្នាំគីមីលើសកម្រិត។

ដោយឡែកសម្រាប់ផ្លែឈើនិងសាច់ ត្រូវបានគេកត់សំគាល់ថា កម្ពុជាបាននាំចូលពីប្រទេសថៃច្រើនជាងគេ។ប្រភពពីពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសថៃបានឲ្យដឹងថា ចំការដំណាំរបស់ថៃ​ដែលកសិករ​របស់​​គេដាំសម្រាប់នាំចេញគឺមានប្រើប្រាស់ថ្នាំគីមីច្រើនដើម្បីបានផលច្រើន។

មិនមែនតែបន្លែមួយមុខនោះទេដែលមានប្រើប្រាស់ថ្នាំគីមីច្រើននោះ ចំណែក ត្រីសាច់ និងគ្រឿងសមុទ្រក៏ត្រូវបានគេប្រើសារធាតុគីមីហួសកម្រិតដែលនាំឲ្យប៉ះពាល់ដល់សុខភាពផងដែរ។

កាលពីថ្ងៃទី១៨ ខែមករានេះ សាខាកាំកុងត្រូល ខេត្តព្រះសីហនុ បានរកឃើញថា បន្លែ ត្រីសាច់ និងគ្រឿងសមុទ្រស្រស់ចំនួន៣២មុខនៅផ្សារលើក្រុងព្រះសីហនុ គឺមានសារធាតុគីមីដែលនាំឲ្យប៉ះពាល់ដល់សុខភាព។

ជាញឹកញយគេឃើញសមត្ថកិច្ចកាំកុងត្រួលបានស្ទាក់ចាប់​សាច់និង​ជង្គង់មាន់ខូចគុណភាពរាប់សិប​តោន ព្រមទាំងទឹកក្រូចនិង​​ភេសជ្ជៈច្រើនប្រភេទទៀត ដែលនាំចូលពីប្រទេសជិត ដោយ​ខូចគុណភាព។ ជាមួយគ្នានោះ ក៏មានការបង្ក្រាបទីតាំងផលិតកាហ្វេ ខុសបច្ចេកទេស កាហ្វេខូចគុណភាព កែច្នៃពោតនិងសណ្តែកសៀង បន្លំធ្វើកាហ្វេ លាយសារធាតុគីមី ដែលអ្នកជំនាញថា បង្កផលប៉ះពាល់សុខភាពអ្នកទទួលទាន។

លោក អួច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា ធ្លាប់បានបញ្ជាក់ថា ផលិតផលដែលនាំចូលពីក្រៅប្រទេស​សុទ្ធតែប្រើប្រាស់សារធាតុគីមីដើម្បីរក្សាទុកបានយូរ ប៉ុន្តែលោកថា វាធ្វើប៉ះពាល់ដល់សុខភាព​អ្នក​ប្រើ​ប្រាស់។​ លោកមានប្រសាសន៍ថា៖ “ផលប៉ះពាល់សារជាតិគីមី រាល់​ថ្ងៃដែល​យើង​ធ្លាប់​ដឹង គឺខាង​សមត្ថកិច្ច មិនបានសិក្សាឲ្យបានជ្រៅជ្រះទេ ដូចជា ការនាំចូលពីប្រទេសជិតខាង។ ទី១ គោជល់ នាំពីប្រទេសថៃ។ សូម្បីប្រធានរដ្ឋ[ព្រឹទ្ធ]សភាក៏មានជម្ងឺទឹក​នោម​ផ្អែកដល់កាត់ដៃកាត់ជើង។ នេះ​ជាផលប៉ះពាល់នៃសារជាតិគីមី។ ឥឡូវនេះ អាស្ទីងមកទៀត ខ្ញុំឃើញក្មេងៗចូលចិត្តណាស់ កូនខ្ញុំដែរ។ VODម៉េចបានលោកថា របស់ទាំងនោះមានសារធាតុគីមី? របស់មួយដែលគេ[ធ្វើដាក់]​កំប៉ុងទុកឲ្យបានយូរ”។

នៅកម្ពុជា សូម្បីតែទឹកស៊ុបក៏ត្រូវបាននាំចូលពីប្រទេសជិតខាងផងដែរ។ កាលពីចុងឆ្នាំ២០១៤ មានការចាប់អារម្មណ៍ខ្លាំងពីការនាំចូល​ទឹកស៊ុបច្រក​ក្នុងប៊ីដុង នាំចូលពី​ប្រទេសវៀតណាម ដែល សង្ស័យថា​ធ្វើឲ្យប៉ះពាល់​ដល់សុខភាព​អ្នកបរិភោគ នៅកម្ពុជា។ អាជ្ញាធរកម្ពុជាបានបើកការត្រួតពិនិត្យបញ្ហាទឹកស៊ុបនាំចូលពីវៀតណាមនោះ​បានមួយ​ប្រាវ​ក៏ស្ងាត់ទៅវិញ។

ផលប៉ះពាល់នៃការបរិភោគអាហារ​ដោយ​ខ្វះការត្រួតពិនិត្យគុណភាព បាននាំឲ្យមនុស្សរាប់រយនាក់បានពុលនំប៉័ងដាក់សាច់ នៅខេត្តសៀម​រាប និងពុលនំបញ្ចុក នៅខេត្ត ស្វាយរៀង ​កាលពីពេលកន្លងទៅ។

នៅខេត្តស្វាយរៀង អ្នកពុលនំបញ្ចុក ​អះអាង​​ដោយសារតែបរិភោគបន្លែស្ពៃក្តោបដែលនាំចូលពីវៀតណាម។ ចំណែកនៅពេលថី្មៗនេះមានព្រះសង្ឃ ប្រជាពលរដ្ឋនិងសិស្សានុសិស្សរាប់រយនាក់បានពុលចំណីអាហារនៅតាមបណ្ដាលខេត្តមួយចំនួនដូចជាខេត្ត ឧត្តរមានជ័យ កំពង់ចាម និងស្ទឹងត្រែងជាដើម។

ក្រសួងសុខាភិបាលនៅសប្តាហ៍នេះបានចេញសេចកី្ដប្រកាសឲ្យមន្រី្តនៅថា្នក់ក្រោមយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យអនាម័យ និងសុវត្ថិភាពចំណីអាហារនៅតាមមូលដ្ឋាន ខណៈដែលមានករណីពុលចំណីអាហារជាបន្តបន្ទាប់។

លោក គាម មករ៉ាឌី នាយកកម្មវិធីបរិស្ថាននិង​សុខភាព នៃអង្គការសេដាក ធ្លាប់មានប្រសាសន៍ថា បញ្ហាចំណីអាហារនៅកម្ពុជាមិនសូវមានសុវត្ថិភាព ដោយសារការធូរលុង នៃការត្រួតពិនិត្យ​ការនាំចូលទំនិញ ហើយអ្នកនាំចូលមិនត្រូវបានចាប់ខ្លួន។

លោកមានប្រសាសន៍ថា៖ “​ឃើញសមត្ថកិច្ចបានស្ទាក់ចាប់បានតែទំនិញឬសាច់ដែលខូចគុនភាព ប៉ុន្តែអ្នកនាំចូលត្រូវបានរួចខ្លួន។នេះជាបញ្ហាមួយដែលការត្រួតពិនិត្យឬការរិតបន្តឹង​ការនាំចូល របៀប​ធូរលុង ដែលធ្វើ​ឲ្យជនឆក់ឱកាសនាំចូលអាហារដែលមានសារធាតុគីមីឬខូចគុណភាព ដែល​ធ្វើឲ្យប៉ះពាល់សុខភាព”។

ក្រៅពីបន្លែ ត្រី សាច់ ដែលគេរកឃើញថាមានផ្ទុកសារធាតុគីមីប៉ះពាល់សុខនោះ ស្រាក៏បានសម្លាប់មនុស្សយ៉ាងតិច១៥នាក់ នៅឃុំក្តុលសែនជ័យ ខេត្តកំពង់ឆ្នាំង កាលពីចុងឆ្នាំមុន។ ចំណែកកាលពីឆ្នាំ២០១៥ មនុស្ស ២០នាក់នៅខេត្តក្រចេះក៏បានស្លាប់ជាបន្តបន្ទាប់ ដោយសារការពុលមេតាណុលដែលដាក់លាយក្នុងស្រាស៕

VOD
ដោយ លោក អុឹង ប៊ុនថន